អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់នៅថ្ងៃចន្ទ ២៧ ខែមេសានេះ បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោនចំពោះការបរាជ័យនៃការចរចាបន្ទាប់ពីទៅដល់ប្រទេសរុស្ស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចការទូតចុះឡើងៗ ដោយការចរចាដោយផ្ទាល់រវាងភាគីជម្លោះហាក់ដូចជាស្ថិតក្នុងភាពជាប់គាំង។
រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានធ្វើអត្ថាធិប្បាយបែបនេះនៅទីក្រុង Saint Petersburg ជាកន្លែងដែលលោកត្រូវគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ក្នុងចន្លោះពេលដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាអន្តរការីសំខាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ទីក្រុងអ៊ីស្លាម៉ាបាដបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជុំទីមួយ និងជុំតែមួយគត់ដែលមិនជោគជ័យរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ហើយដំណើរទស្សនកិច្ចរបស់លោក Araghchi បានជំរុញក្តីសង្ឃឹមសម្រាប់ការចរចាថ្មីកាលពីចុងសប្តាហ៍នេះ រហូតដល់ប្រធានាធិបតីអាមេរិក Donald Trump បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយបេសកជនរបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner។
លោក Araghchi បាននិយាយនៅថ្ងៃចន្ទនេះថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិកបាននាំឱ្យការចរចាជុំមុន ទោះបីជាមានវឌ្ឍនភាពក៏ដោយ ក៏មិនអាចសម្រេចបានគោលដៅរបស់ខ្លួនដោយសារតែការទាមទារហួសហេតុពេក។
បន្ទាប់ពីលុបចោលដំណើរទស្សនកិច្ចរបស់ប្រេសិតលោក លោក Trump បានប្រាប់សារព័ត៌មាន Fox News ថា ប្រសិនបើអ៊ីរ៉ង់ចង់បានការចរចា ពួកគេអាចមករកពួកលោក ឬពួកគេអាចទូរស័ព្ទមកពួកលោកក៏បាន ទោះបីជាលោកបាននិយាយថា ការលុបចោលនេះមិនមែនជាសញ្ញានៃការវិលត្រឡប់ទៅរកអរិភាពវិញក៏ដោយ៕

