រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានជួបជាមួយមេដឹកនាំរបបសឹកប្រែក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដែលជាការឈប់សំចតចុងក្រោយគេរបស់លោក សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍ទៅកាន់ប្រទេសចំនួន ៣នៅអាស៊ាន ។
លោក Wang និងលោក Aung Hlaing បានពិភាក្សាលើការគាំទ្រដ៏មុតមាំនៅតែបន្តសម្រាប់អធិបតេយ្យភាព សន្តិសុខទឹកដី និងស្ថិរភាពរបស់មីយ៉ាន់ម៉ា ក៏ដូចជាការគាំទ្រជាប់លាប់ ដើម្បីជំរុញការអនុវត្តសន្តិភាព និងស្ថិរភាពក្នុងប្រទេសមួយនេះ ការផ្សះផ្សាជាតិនៅក្នុងចំណោមជនជាតិភាគតិច និងសុខដុមរមនាក្នុងសង្គម ។

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV រាយការណ៍ថា កិច្ចប្រជុំទ្វេភាគីរបស់ពួកគេ បានធ្វើការសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ កិច្ចប្រជុំនេះដែរ បានសង្កត់ធ្ងន់ពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងហ្គេមតាមអនឡាញ ក៏ដូចជាជំរុញបន្ថែមទៀត ទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការនៅក្នុងសហគមន៍អាស៊ាន ។
នៅមុនដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា លោក Wangបានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា និងថៃដែលជាសមាជិកអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាក្នុងតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ជាមួយប្រទេសទាំង ២នេះ ៕
