នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោកស្រី Yulia Svyrydenko និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគីវកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនថាមពលអ៊ុយក្រែន ត្រូវការថវិកាជិត ១ពាន់លានដុល្លារ ដើម្បីជួសជុល និងរៀបចំប្រព័ន្ធថាមពលសម្រាប់រដូវរងាខាងមុខ ។
លោកស្រីនិយាយថា ទឹកប្រាក់ ១៥៨លានដុល្លារ ត្រូវការបន្ទាន់ សម្រាប់ការងារជួសជុលកំពុងធ្វើឡើង ហើយការសាងសង់ បានចាប់ផ្តើមរួចហើយនៅតាមទីតាំងថាមពលប្រហែល ៨០ភាគរយ ដែលរងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ី ។

រដ្ឋមន្រ្តីក្រសួងថាមពលោកអ៊ុយក្រែនលោក Denys Shmyhal និយាយថា ប្រទេសរបស់លោកត្រូវការសមត្ថភាពថាមពល ៦,៥ជីហ្គាវ៉ាត់បន្ថែមទៀត ដើម្បីឆ្លងកាត់រដូវរងាក្រោយ ហើយពួកគេមានគម្រោងស្តាឡើងវិញថាមពល ៤,៥ជីហ្គាវ៉ាត់ តាមរយៈការជួសជុលឡើងវិញ ហើយនិង ២ជីហ្គាវ៉ាត់បន្ថែមទៀត តាមរយៈការផលិតចែកចាយថាមពល និងថាមពលកកើតឡើងវិញ ។
សន្និសីទក្រុមសម្របសម្រួលថាមពលអ៊ុយក្រែននៅទីក្រុងគីវ នាំឲ្យមានការជួបជុំគ្នារបស់ក្រុមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប ដៃគូអន្តរជាតិ និងក្រុមនិយ័តករនុយក្លេអ៊ែរ ដើម្បីសម្របសម្រួលការគាំទ្រ និងកំណត់អាទិភាព សម្រាប់ពង្រឹងប្រព័ន្ធថាមពលអ៊ុយក្រែន មុនរដូវរងាឆ្នាំ ២០២៦-២៧ ៕
