ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៨មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ចូលរួមអបអរសាទរ ក្នុង "ពិធីប្រារព្ធខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស" និង"ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០"។
សុន្ទរកថា បានបង្ហាញថា ថ្ងៃនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចពិតជាមានកិត្តិយស និងសេចក្តីសោមន្សរីករាយជាអនេក ដែលបានចូលរួមថ្លែងសារ ដើម្បីអបអរសាទរការប្រារព្ធ “ខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់” និង “ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០” តាមប្រព័ន្ធវីដេអូ បើទោះបីជាសម្តេចមិនអាចទៅចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយផ្ទាល់នៅទីក្រុងដាក្កា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ។
ក្នុងឱកាសនេះ, សម្តេច បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានសម្ដែងនូវអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តមប្រធានាធិបតី អាប់ឌុល ហាមីត, លោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែសជាមិត្តទាំងអស់ សូមប្រកប ដោយសុខភាពមាំមួន, សុភមង្គល និងវិបុលភាព ។
សម្តេចក៏បានសម្ដែងនូវការសាទរ និងកោត សរសើរចំពោះរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើនក្នុងទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមបិតាជាតិ បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមប្រធានាធិបតី អាប់ឌុល ហាមីត និង លោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា, ប្រទេសបង់ក្លាដែស សម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់, វឌ្ឍនភាពសង្គម និងជីវភាព រស់នៅ របស់ប្រជាជនបង់ក្លាដែសកាន់តែប្រសើរឡើង។ ជោគជ័យដ៏ធំធេងនេះ បានផ្តល់លទ្ធភាពឱ្យបង់ក្លាដែសអាចបំពេញបាននូវលក្ខខណ្ឌតម្រូវ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ ២០២១ នេះ ។
ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្តើមដំបូងពីសម្ព័ន្ធភាពដ៏ ជិតស្និទ្ធ និងជាពិសេសរវាងព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស ឯកឧត្តម បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុង សន្និសីទនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ ១៩៧៣ ។ កម្ពុជា និងបង់ក្លាដែស បាន បង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរបស់យើង ។ ក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងទៅនេះ សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញថា ប្រទេសយើងទាំងពីរតែងតែខិតខំរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ ។
ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេសទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់សម្តេចផ្ទាល់នៅបង់ក្លាដែស ក្នុងខែ មិថុនា ឆ្នាំ ២០១៤ និងទស្សនកិច្ចផ្លូវការ របស់ លោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា នៅកម្ពុជា ក្នុងខែ ធ្នូ ឆ្នាំ ២០១៧ បាននាំមកនូវការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងបច្ចេកទេសរវាងប្រទេសទាំងពីរ ។ ទន្ទឹមនេះ, យើងទាំងពីរក៏បានឯកភាពដាក់ឈ្មោះវិថីដ៏សំខាន់ មួយខ្សែក្នុងរាជធានីភ្នំពេញ និងមួយខ្សែក្នុងរដ្ឋធានីដាក្កា តាមព្រះបរមនាមរបស់ព្រះវររាជបិតាជាតិខ្មែរ និងបិតាជាតិបង់ក្លាដែស ដើម្បីគូសបញ្ជាក់នូវការគោរព និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋបុរសដ៏ឆ្នើមទាំងពីរ ។
ជាចុងបញ្ចប់ សម្តេចបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍភាពជាដៃគូកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់សន្តិភាព, ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោក ជាពិសេសជម្នះនូវវិបត្តិសុខភាពសកល បច្ចុប្បន្នដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ៕