ក្រុមអ្នកកាន់ទុក្ខបានគាស់សាកសពយុទ្ធជន ៤នាក់របស់ក្រុមហេសបូឡា និងជនស៊ីវិលម្នាក់ នៅទីក្រុង Tyre ស្ថិតក្នុងប្រទេសលីបង់ មុនពេលនាំសាកសពទាំងនេះទៅធ្វើពិធីបុណ្យសព និងបញ្ចុះពួកគេនៅក្នុងផ្នូរអចិន្រ្តៃយ៍ ស្ថិតក្នុងទីក្រុងភាគខាងត្បូង Maaroub ។
យោធាអ៊ីស្រាអែល បានចេញបញ្ជាឲ្យជម្លៀសខ្លួនថ្មីសម្រាប់តំបន់ភាគខាងត្បូងលីបង់ កាលពីថ្ងៃអាទិត្យ ដោយបញ្ជាឲ្យអ្នកស្រុកចាកចេញពីទីក្រុងចំនួន ៧ ដែលស្ថិតនៅតាមតំបន់ទ្រនាប់ដែលពួកគេកាន់កាប់ មុនពេលបទឈប់បាញ់ ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា ក្រុមប្រដាប់អាវុធហេសបូឡាលីបង់ បានបំពានបទឈប់បាញ់ ហើយអ៊ីស្រាអែល នឹងចាត់វិធានការផ្នែកយោធាប្រឆាំងនឹងពួកគេ ហើយនិងបញ្ជាឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅទិសខាងជើង និងទិសខាងលិចចេញពីទីក្រុងទាំងនេះ ។
ទីក្រុងស្ថិតនៅភាគខាងជើងទន្លេ Litani និងតំបន់ភាគខាងត្បូងលីបង់ ត្រូវបានកាន់កាប់ដោយទាហានអ៊ីស្រាអែលដែលនៅតែបន្តប្រតិបត្តិការយោធា បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ។
ក្រុមហេសបូឡានិយាយថា ពួកគេនឹងមិនបន្ធូរបន្ថយការវាយប្រហាររបស់ពួកគេលើទាហានអ៊ីស្រាអែលនោះឡើយនៅក្នុងទឹកដីលីបង់ ហើយនិងទីក្រុងនៅតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែល ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តបំពានបទឈប់បាញ់ឥតឈប់ឈរបែបនេះ ៕
