រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Andrei Belousov កាលពីថ្ងៃអាទិត្យម្សិលមិញ បានផ្តល់គ្រឿងឥស្សរិយយសដល់ទាហានកូរ៉េខាងជើងដែលបានចូលច្បាំងជាមួយកងកម្លាំងរុស្ស៊ីប្រឆាំងនឹងទាហានអ៊ុយក្រែន នៅតំបន់ Kursk ។
នៅមុននេះ លោក Belousov និងប្រធានសភារុស្ស៊ីលោក Vyacheslav Volodin មាននូវជំនួបមួយជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។
លោក Kim ជាមួយគណៈប្រតិភូរុស្ស៊ី បានចូលរួមពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់សារមន្ទីររំឭកដល់ទាហានកូរ៉េខាងជើង ដែលបានចូលរួមធ្វើសង្រ្គាមនៅតំបន់ Kursk ។
លោក Belousov និយាយថា ពួកលោកបានព្រមព្រៀងជាមួយក្រសួងការពារជាតិកូរ៉េខាងជើង ដើម្បីដាក់កិច្ចសហប្រតិបត្តិការយោធារបស់ពួកលោកឲ្យស្ថិតនៅលើមូលដ្ឋានស្ថិរភាព និងយូរអង្វែង ។
គួររំឭកថា កូរ៉េខាងជើង បានបញ្ជូនទាហានរបស់ខ្លួនប្រមាណ ១៤.០០០នាក់ ទៅច្បាំងជាមួយកងកម្លាំងរុស្ស៊ីប្រឆាំងនឹងទាហានអ៊ុយក្រែន ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីកូរ៉េខាងត្បូង ក្រុមមន្រ្តីអ៊ុយក្រែន និងក្រុមមន្រ្តីលោកខាងលិច បានឲ្យដឹងថា ទាហានកូរ៉េខាងជើងជាង ៦ពាន់នាក់ក្នុងចំណោមពួកគេ ត្រូវបានសម្លាប់ ៕

