ប្រភពពីអ្នកសម្របសម្រួលប៉ាគីស្ថាន បានឲ្យដឹងថា ការងារមិនត្រូវបានបញ្ឈប់នោះឡើយ ក្នុងការបិទគម្លាត រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាកិច្ចចរចាទល់មុខមិនទទួលបានជោគជ័យក៏ដោយ បន្ទាប់ពីលោក Donald Trump បានលុបចោលការធ្វើដំណើរនៃបេសកជនរបស់លោក និងបានប្រាប់អ៊ីរ៉ង់ឲ្យទូរស័ព្ទជជែកគ្នា នៅពេលដែលខ្លួនចង់បានកិច្ចព្រមព្រៀង។
ក្តីសង្ឃឹមនៃការរស់ឡើងវិញនូវកិច្ចប្រឹងប្រែងសន្តិភាព បានថយចុះ ចាប់តាំងពីប្រធានាធិបតីអាមេរិក កាលពីថ្ងៃសៅរ៍ បានលុបចោលការធ្វើដំណើរដោយបេសកជនរបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលជារដ្ឋធានីប៉ាគីស្ថាន ពោលគឺជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានធ្វើដំណើរចេញចូល ២ដងហើយ កាលពីចុងសប្តាហ៍កន្លងមក។
លោក Araqchi ដែលក៏បានទៅទស្សនកិច្ចប្រទេសអូម៉ង់ផងដែរនោះ បានទៅដល់រុស្ស៊ីហើយ នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ ដើម្បីជួបជាមួយប្រធានាធិបតី លោក Vladimir Putin ដែលជាសម្ព័ន្ធមិត្តយូរអង្វែង។
ជាសញ្ញាមួយដែលបង្ហាញថា មិនមានការប្រជុំទល់មុខណាមួយ ត្រូវបានគ្រោងទុក ក្នុងពេលឆាប់ៗនេះទេ ផ្លូវនានាបានបើកចរចារណ៍ឡើងវិញ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ដែលត្រូវបានបិទខ្ទប់អស់រយៈពេល ១សប្តាហ៍ ដើម្បីរង់ចាំការចរចាដែលមិនដែលកើតឡើងឡើយ។ សណ្ឋាគារប្រណីតដែលត្រូវបានសម្អាត ដើម្បីទុកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ កំពុងទទួលការកក់ពីសាធារណជនម្តងទៀត។
មន្ត្រីប៉ាគីស្ថានបាននិយាយថា ការចរចានៅតែកំពុងធ្វើឡើងពីចម្ងាយ ប៉ុន្តែមិនមានផែនការធ្វើកិច្ចប្រជុំទល់មុខនោះទេ រហូតដល់ភាគីទាំង២ មានការយល់ឃើញជិតគ្នាមែនទែន ដែលមានភាពគ្រប់គ្រាន់ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈ។ ប្រភពប៉ាគីស្ថានដែលដឹងពីការចរចានេះ បានឲ្យដឹងថា «សេចក្តីព្រាង នឹងត្រូវបានចរចាពីចម្ងាយ រហូតដល់ភាគីទាំង២ ឈានដល់ការឯកភាពគ្នាខ្លះ»៕

