នៅពេលដែលទូកសម្ដែងធ្វើជាសត្រូវ និងទូកដ្រូន បានចូលទៅកៀកឆ្នេរសមុទ្រកោះ Palawan ដែលមានទីតាំងឈមមុខនឹងសមុទ្រចិនខាងត្បូង កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធប្រឆាំងការឡើងដីគោក នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ ដោយទប់ទល់នឹងការវាយប្រហារក្លែងក្លាយដោយប្រើការបាញ់ប្រហារពិតប្រាកដ ប្រឆាំងនឹងគោលដៅដែលបានកំណត់ និងស្ទាក់ចាប់ការគំរាមកំហែង។
ការបង្ហាញសមត្ថភាពអាវុធកម្រិតខ្ពស់ និងការត្រៀមខ្លួនប្រតិបត្តិការ គឺជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំ Balikatan ឬ «ស្មាប្រកៀកស្មា» ដោយនាំកងកម្លាំងមកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់មកធ្វើសមយុទ្ធការពារឆ្នេរសមុទ្ររួមគ្នា និងសាកល្បងសមត្ថភាពរបស់ពួកគេ ក្នុងការធ្វើការរួមគ្នា ដើម្បីការពារដែនទឹករបស់ដែនដី។
មេបញ្ជាការយោធាហ្វីលីពីន លោក Romeo Brawner បានគូសបញ្ជាក់ពីតម្លៃយុទ្ធសាស្ត្ររបស់ទីតាំងនេះ ដោយកត់សម្គាល់ថា កោះ Palawan នៅឈមមុខនឹងសមុទ្រចិនខាងត្បូង ហើយស្ថិតនៅទល់មុខក្រុមកោះ Kalayaan ជាផ្នែកនៃកោះ Spratly ដែលទីក្រុងម៉ានីលចាត់ទុកថា ជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
លោក Brawner បានបញ្ជាក់ថា សមយុទ្ធប្រឆាំងការឡើងដីគោកនៅឆ្នាំ២០២៦ នេះ ដែលមានប្រព័ន្ធដូចជា HIMARS ជាដើម គឺខុសពីសមយុទ្ធមុនៗ ដោយការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបញ្ជា ក្នុងនោះរួមមានទាំងយានដ្រូនផងដែរ។
ប្រទេសចិន ពីមុនបានរិះគន់សមយុទ្ធយោធារួមគ្នា ដែលធ្វើឡើងដោយប្រទេសហ្វីលីពីន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយលើកឡើងថា សមយុទ្ធទាំងនេះបង្កើនភាពតានតឹងក្នុងតំបន់៕