លោកស្រី Ursula von der Leyen បានលើកឡើងថា វាគឺជារឿងឆាប់ពេក ដែលមិនអាចលើកលែងទណ្ឌកម្ម លើអ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញនោះឡើយ ដោយបានបង្ហាញការរិះគន់ លើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។
អស់រយៈពេលជិត ២ខែមកហើយ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ ១ភាគ៥ របស់ពិភពលោក ហើយស្តុកថាមពលរបស់អឺរ៉ុប កំពុងចាប់ផ្តើមអស់ជាលំដាប់។
ប្រធានគណៈកម្មការអឺរ៉ុប បានប្រើប្រាស់ដំណើរទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង ដើម្បីបង្ហាញការរិះគន់ ចំពោះអធិការបតី លោក Merz ដែលជាសមាជិករួមគណបក្សប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់អាល្លឺម៉ង់ បន្ទាប់ពីលោកបានស្នើឲ្យបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីឲ្យមានលំហូរថាមពលឡើងវិញ។
លោកស្រី Von der Leyen បានលើកឡើងថា៖ «យើងគិតថា ការទម្លាក់ទណ្ឌកម្ម នឹងជាដំណើរការលឿនរហ័សពេក។ មានហេតុផលមួយដែលទណ្ឌកម្មត្រូវបានដាក់លើអ៊ីរ៉ង់ ដោយសារតែអាកប្បកិរិយារបស់ពួកគេ ចំពោះប្រជាជនរបស់ពួកគេ»។
លោកស្រីបានបន្ថែមថា របបអ៊ីរ៉ង់បានសម្លាប់ប្រជាជនវ័យក្មេងយ៉ាងហោចណាស់ ១៧.០០០នាក់ នៅឆ្នាំនេះ។ វាគឺជាការគាបសង្កត់លើសិទ្ធិមនុស្ស និងជាពិសេសសិទ្ធិស្ត្រី នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលនាំឲ្យមានទណ្ឌកម្មទាំងនេះ»។ លោកស្រីបានពន្យល់ថា ការលើកឡើងទណ្ឌកម្មទាំងនោះ នឹងតម្រូវឲ្យមាន «ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់»។
សហភាពអឺរ៉ុបបានបន្តទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ចុងក្រោយ រហូតដល់ចុងឆ្នាំ២០២៧ នៅក្នុងខែមីនា បន្ទាប់ពីបានបន្ថែមកងឆ្មាំបដិវត្តន៍ឥស្លាមទៅក្នុងបញ្ជីភេរវកររបស់ខ្លួន ក្នុងខែកុម្ភៈ ដែលជាការទាមទារជាយូរមកហើយរបស់ក្រុមប្រឆាំងនឹងរបបនេះ៕