មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់សារព័ត៌មាន Reuters ថា នាយសេនាធិការសេតវិមាន លោកស្រី Susie Wiles នឹងធ្វើកិច្ចប្រជុំមួយនៅសប្តាហ៍នេះ ស្តីពីសន្តិសុខប្រធានាធិបតី បន្ទាប់ពីមានការបាញ់ប្រហារនៅក្បែរពិធីជួបជុំរបស់អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋបាល នៅទីក្រុងវ៉ាស៊ីនតោន។
មន្ត្រីរូបនេះ បានឲ្យដឹងថា ប្រធានាធិបតី លោក Donald Trump និងសេតវិមាន គាំទ្រថ្នាក់ដឹកនាំនៃសេវាសម្ងាត់សហរដ្ឋអាមេរិក បន្ទាប់ពីមានការបាញ់ប្រហារនៅខាងក្រៅបន្ទប់ជួបជុំរបស់សណ្ឋាគារ ជាកន្លែងដែលពិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន កំពុងត្រូវបានធ្វើឡើង។
មន្ត្រីជាន់ខ្ពស់រូបនេះបានឲ្យដឹងទៀតថា លោកស្រី Wiles ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅដើមសប្តាហ៍នេះជាមួយថ្នាក់ដឹកនាំនៃសេវាសម្ងាត់ និងក្រសួងសន្តិសុខមាតុភូមិ ដើម្បីពិភាក្សាអំពី «ពិធីសារ និងការអនុវត្ត» សម្រាប់ព្រឹត្តិការណ៍សំខាន់ៗដែលពាក់ព័ន្ធនឹងលោក Trump។
មន្ត្រីរូបនេះបានបន្ថែមថា កិច្ចប្រជុំនេះនឹងពិនិត្យមើលការឆ្លើយតបសន្តិសុខ ក្នុងហេតុការណ៍ កាលពីថ្ងៃសៅរ៍ ហើយក៏ពិនិត្យមើលផងដែរនូវ «អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីរក្សាសុវត្ថិភាពព្រឹត្តិការណ៍នាពេលខាងមុខ៕