រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបង្ហោះនៅលើបណ្ដាញ Telegram កាលពីថ្ងៃចន្ទ២៧មេសាសប្ដាហ៍នេះថា អ៊ីរ៉ង់កំពុងពិចារណាសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការចរចា។

លោក Araghchi បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទថា ទម្លាប់បំផ្លិចបំផ្លាញ របស់សហរដ្ឋអាមេរិក ជាពិសេសការទទូចលើការទាមទារមិនសមហេតុផល ការផ្លាស់ប្តូរជំហរជាញឹកញាប់ ការគំរាមកំហែងដោយវោហារសាស្ត្រ និងការរំលោភលើការសន្យាជាបន្តបន្ទាប់ គឺជាកត្តាដែលធ្វើឱ្យវឌ្ឍនភាពការទូតយឺតយ៉ាវ។
លោក Trump និងក្រុមសន្តិសុខជាតិរបស់លោកកំពុងវាយតម្លៃសំណើសន្តិភាពរបស់អ៊ីរ៉ង់ ក្នុងបំណងបញ្ឈប់សង្គ្រាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈក៏ពន្យារពេលការពិភាក្សាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈតម្លៃប្រេងបានកើនឡើងម្តងទៀត។
លោកបានថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីសុវត្ថិភាព និងការការពារផ្លូវទឹកនៅក្នុងដែនសមុទ្រថា សិទ្ធិ និងសេរីភាពក្នុងការធ្វើនាវាចរណ៍តាមរយៈច្រកសមុទ្រ Hormuz ត្រូវតែគោរព ។ គោលការណ៍ទាំងនេះត្រូវតែត្រូវបានគាំទ្រយ៉ាងពេញលេញ និងដោយគ្មានការពន្យារពេល។
លោកGuterres បានថ្លែងថា រូបលោកសូមអំពាវនាវដល់ភាគីនានា សូមបើកច្រកសមុទ្រ អនុញ្ញាតឱ្យនាវាឆ្លងកាត់ គ្មានការរំខាន គ្មានការរើសអើង អនុញ្ញាតឱ្យពាណិជ្ជកម្មបន្តឡើងវិញ អនុញ្ញាតឱ្យសេដ្ឋកិច្ចពិភពលោកដកដង្ហើមបានស្រួល៕

