សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប៉ះសម្តីគ្នានៅអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការជ្រើសរើសឱ្យធ្វើជាអនុប្រធានម្នាក់ក្នុងចំណោមអនុប្រធានរាប់សិបនាក់នៅក្នុងសន្និសីទរយៈពេលមួយខែ ដើម្បីពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ(NPT)។

សន្និសីទលើកទី១១ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមាននៅក្នុងឆ្នាំ១៩៧០ បានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។

ក្រុមផ្សេងៗគ្នា បានតែងតាំងអនុប្រធានសន្និសីទចំនួន៣៤រូប ហើយប្រធានសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Do Hung Viet បាននិយាយថា អ៊ីរ៉ង់ត្រូវបានជ្រើសរើសដោយ «ក្រុមរដ្ឋមិនមែនបក្សសម្ព័ន្ធ និងរដ្ឋដទៃទៀត»។ លោក Christopher Yeaw ឧបការីរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគ្រប់គ្រងអាវុធ និងមិនរីកសាយអាវុធសហរដ្ឋអាមេរិក បាននិយាយក្នុងសន្និសីទថា ការជ្រើសរើសអ៊ីរ៉ង់គឺជា «ការប្រមាថ» ចំពោះសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT)។ វា «មិនអាចប្រកែកបាននោះទេថា អ៊ីរ៉ង់បានបង្ហាញជាយូរមកហើយនូវការប្រមាថរបស់ខ្លួនចំពោះការប្តេជ្ញាចិត្តចំពោះការមិនរីកសាយអាវុធនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ(NPT)» ហើយបានបដិសេធមិនសហការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាអំពីកម្មវិធីរបស់ខ្លួន។ លោកបានចាត់ទុកការជ្រើសរើសអ៊ីរ៉ង់ថា «ហួសពីភាពអាម៉ាស់ និងជាការអាម៉ាស់ចំពោះភាពជឿជាក់នៃសន្និសីទ»។ លោក Reza Najafi ដែលជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេអេរ៉ង់ប្រចាំនៅទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានច្រានចោលសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកថា «គ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ»។ បញ្ហានុយក្លេអ៊ែរគឺជាចំណុចកណ្តាលនៃសង្គ្រាមរយៈពេលពីរខែរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ។