
ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ដែលរាជរដ្ឋាភិបាលឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ព ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំនៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិReconnaissance ជ្រើសរើសជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ពធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី ( High Security Printing Asia) លើកទី១៨ នៅទីក្រុង yokohama ប្រទេសជប៉ុន។
ធនាគារជាតិ នៃកម្ពុជាបញ្ជាក់ថា ការសម្រេចផ្តល់ពានរង្វាន់ជាធនបត្រថ្មីឆ្នើមនេះ គឺដោយសារបច្ចេកទេស នៃការផលិតក្នុងស្រុករបស់ធនាគារជាតិ នៃកម្ពុជា មានលក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព ដោយមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលបានឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនា និងរំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ជាពិសេសមានបច្ចេកវិទ្យាខ្ពស់ក្នុងការការពារការក្លែងបន្លំ។ ធនាគារជាតិគូសបញ្ជាក់បន្ថែមថា ពានរង្វាន់ប្រភេទនេះ មិនត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំទេ គឺធ្វើឡើង នៅពេលដែលមានធនបត្រដែលមានលក្ខណៈស័ក្តិសមប្រកបដោយគុណភាព និងបច្ចេកទេសប៉ុណ្ណោះ៕








