លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ២៧មេសាសប្ដាហ៍នេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង St. Petersburg ដោយប្រធានាធិបតីរុស្ស៊ីបានប្រាប់អ្នកការទូតអ៊ីរ៉ង់រូបនេះ ថា លោកសង្ឃឹមថានឹងមានសន្តិភាពឆាប់ៗនេះ។ទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ រហូតមកដល់ពេលនេះ នៅតែច្រានចោលការជាប់ពាក់ព័ន្ធនឹងជម្លោះមជ្ឈិមបូព៌ា ខណៈខ្លួននៅតែបន្តសង្គ្រាមទ្រង់ទ្រាយធំលើអ៊ុយក្រែន។

ប៉ុន្តែលោក Putin កាលពីថ្ងៃចន្ទនោះដែរ បានផ្តល់ការគាំទ្រដល់អ៊ីរ៉ង់ ដោយនិយាយថា លោកសង្ឃឹមថានឹងមានសន្តិភាពឆាប់ៗនេះ ហើយអ៊ីរ៉ង់នឹងឆ្លងកាត់ "ដំណាក់កាលដ៏លំបាក" នៃសង្គ្រាមនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី។ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តី លោកប្រធានាធិបតីរុស្ស៊ីក្នុងអំឡុងពេលជួបជាមួយលោក Araghchi ដោយនិយាយថា សម្រាប់ផ្នែករបស់ពួកលោក ពួកលោកនឹងធ្វើគ្រប់យ៉ាងដែលបម្រើផលប្រយោជន៍របស់អ្នក និងផលប្រយោជន៍ប្រជាជនទាំងអស់នៅក្នុងតំបន់ ដើម្បីឱ្យសន្តិភាពអាចសម្រេចបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Araghchi បានទៅដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ២៧មេសាសប្ដាហ៍នេះ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសដែលជាអ្នកជួយសម្របសម្រួល គឺ ប៉ាគីស្ថាន និងអូម៉ង់ ដើម្បីពិភាក្សាអំពីជម្លោះមជ្ឈិមបូព៌ា ខណៈកិច្ចខិតខំប្រឹងប្រែងសន្តិភាពរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅតែត្រូវបានផ្អាក។ដំណើរទស្សនកិច្ចរបស់លោកAraghchiកើតឡើងស្របពេលការចរចាជាប់គាំងជាមួយអាមេរិក ខណៈភាគីទាំងពីរបានបដិសេធការទាមទារជាច្រើនរបស់គ្នាទៅវិញទៅមក។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដោយបេសកជនរបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner ដោយនិយាយថា ការចរចានៅទីនោះនឹងប្រៀបដូចជាការអង្គុយនិយាយគ្នាពីរឿងឥតប្រយោជន៍ ៕

