អាជ្ញាធរការពារជាតិនៅទីក្រុងតៃប៉ិ បាននិយាយថា កោះតៃវ៉ាន់បានប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងកំពុងធ្វើប្រតិបត្តិការនៅក្នុងដែនទឹកក្បែរកោះ ផាំង ហ៊ូ (Penghu) ក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានបញ្ជូនកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួនដើម្បីតាមដាន។

ចិន ដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន បានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងរបស់ខ្លួនចូលទៅក្នុងដែនទឹក និងផ្ទៃមេឃជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ ដែលធ្វើឲ្យក្រុមអាជ្ញាធរកោះនេះស្ដីបន្ទោស។

ខណៈអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ផ្តល់ព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីទីតាំងយន្តហោះយោធាចិន កោះនេះកម្រផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលនាវាចម្បាំងចិនកំពុងធ្វើប្រតិបត្តិការណាស់ ជាទូទៅបាន ប្រទះឃើញតែនាវាផ្ទុកយន្តហោះ តែប៉ុណ្ណោះ ជាក់ស្ដែងដូចដែលបានកើតឡើងកាលពីសប្តាហ៍មុន។
កាលពីល្ងាចថ្ងៃចន្ទ២៧មេសាសប្ដាហ៍នេះ អាជ្ញាធរកោះបាននិយាយថា នាវាពិឃាតចិនមួយគ្រឿង និងនាវាចម្បាំងមួយគ្រឿងបានចូលទៅក្នុងដែនទឹកនៅភាគនិរតីនៃកោះ Penghu ដែលជាទីតាំងមូលដ្ឋានកងទ័ពជើងទឹក និងកងទ័ពអាកាសសំខាន់ៗរបស់តៃវ៉ាន់ និងនៅជិតច្រកសមុទ្រខាងផ្នែករបស់កោះតៃវ៉ាន់៕