ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីបានដាក់បន្ថែមមន្ត្រីសហភាពអឺរ៉ុប (EU)ចូលទៅក្នុងបញ្ជីខ្មៅ ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេស ក្នុងការឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មទី២០ ធ្វើឡើងដោយទីក្រុង Brussels ទៅលើទីក្រុងមូស្គូ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហភាពអឺរ៉ុប បន្តការប៉ុនប៉ងរបស់ខ្លួនដើម្បីដាក់សម្ពាធលើរុស្ស៊ីដោយពង្រីកវិធានការរឹតត្បិតជាឯកតោភាគី ហើយចំណាត់ការដ៏បំផ្លិចបំផ្លាញរបស់ទីក្រុង Brussels បានរំលោភលើបទដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍ បាននិយាយថា «យើងក៏បានដាក់វិធានការរឹតត្បិតប្រឆាំងនឹងសកម្មជនសង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវនៅក្នុងបណ្តាប្រទេសអឺរ៉ុបដែលប្រកាន់ជំហរអរិភាពចំពោះរុស្ស៊ី ព្រមទាំងសមាជិកសភាជាតិនៃរដ្ឋសមាជិកសហភាពអឺរ៉ុប និងសភាអឺរ៉ុប ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេច និងសេចក្តីស្នើច្បាប់ប្រឆាំងរុស្ស៊ី»។
រុស្ស៊ី ក៏បានហាមឃាត់អ្នកតំណាងនៃស្ថាប័នអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុប ដែលពាក់ព័ន្ធនឹងសេចក្តីសម្រេចលើការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន មិនឱ្យចូលប្រទេសនេះផងដែរ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន រួមជាមួយនឹងទណ្ឌកម្មជុំទី២០ ប្រឆាំងនឹងរុស្ស៊ី។