អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសបាននិយាយថា យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងបានធ្លាក់នៅភាគនិរតីនៃរដ្ឋធានី Juba របស់ប្រទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃចន្ទ ទី ២៧ ខែមេសា ដោយបានសម្លាប់មនុស្សទាំងអស់ ១៤ នាក់នៅលើយន្តហោះ។

អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះនេះជាយន្តហោះ Cessna 208 Caravan ធ្វើប្រតិបត្តិការដោយក្រុមហ៊ុន CityLink Aviation កំពុងហោះហើរពីទីក្រុង Yei ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Juba នៅពេលនោះ យន្តហោះបានបាត់បង់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។
យន្តហោះនេះ បានហោះឡើងនៅម៉ោង ៩:១៥ ព្រឹក ម៉ោងក្នុងស្រុក ហើយបានបាត់បង់ទំនាក់ទំនងនៅម៉ោង ៩:៤៣នាទីព្រឹក ដោយមានអ្នកដំណើរ ១៣ នាក់ និងអាកាសយានិកម្នាក់។

អ្នកស្លាប់ រួមមានជនជាតិកេនយ៉ាពីរនាក់ និងជនជាតិស៊ូដង់ខាងត្បូង ១២ នាក់។ របាយការណ៍បឋមបានបង្ហាញថា យន្តហោះបានធ្លាក់ដោយសារតែអាកាសធាតុមិនអំណោយផល ជាពិសេសការមើលឃើញទាប។
យោងតាមកាកបាទក្រហមស៊ូដង់ខាងត្បូងបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះមានភាពយឺតយ៉ាវ និងលំបាក។ លោក Joseph Lukak Charles ប្រធានសាខាកាកបាទក្រហមស៊ូដង់ខាងត្បូងនៅទីក្រុង Juba និយាយថា ប្រតិបត្តិការបានចំណាយពេលជាច្រើនម៉ោងដើម្បីបានទៅដល់កន្លែងធ្លាក់យន្តហោះ។