ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ នឹងត្រូវរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ ១ក្រុម នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ រវាងក្រុមវិសាខា និងក្រុម ISI ដង្កោសែនជ័យ ស្របពេលក្រុមបឹងកេត នឹងត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
ជុំវិញជំនួបដ៏សំខាន់នាថ្ងៃពុធសប្ដាហ៍នេះ ក្រុមដំរីជ័យ ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមភ្ញៀវវិសាខា ក្នុងជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដី កាលពីជើងទី១។ បច្ចុប្បន្នវិសាខា កំពុងមានប្រៀប តែ ISI ថា លទ្ធផលជើងទី១ ពុំទាន់អាចសម្រេចជោគវាសនាក្រុមឡើងវគ្គបន្ដឡើយ ។ ដូច្នេះចាំមើលជំនួបកាត់សេចក្ដីស្អែកនេះ តើក្រុមលោក ទុំ សារាយ អាចវាយបកឈ្នះវិសាខា វិញដែលឬទេ? ដ្បិតពួកគេត្រូវការលើសពី ៣គ្រាប់ ដើម្បីរារាំងដំណើរឡើងវគ្គផ្ដាច់ព្រ័ត្ររបស់វិសាខា។
ក្រឡេកទៅជំនួបរវាងបឹងកេត និងព្រះខ័នរាជស្វាយរៀងវិញ ដំបូងឡើយក្រុមទាំងពីរ ត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ ដំណាលគ្នានឹង ១ប្រកួតទៀតដែរ តែដោយសារព្រះខ័នរាជស្វាយរៀង ជាប់ភារកិច្ចប្រកួតបញ្ចប់ពូលB នៃជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម ភាគីពាក់ព័ន្ធក៏សម្រេចលើកពេល មកប្រកួតជើងទី១ នៅថ្ងៃទី២៩ ខែមេសាវិញ និងជើងទី២ ពន្យារពេលទៅប្រកួត រហូតដល់ថ្ងៃទី២០ ខែឧសភាខាងមុខ។ នេះគឺជាជំនួបដ៏ជក់ចិត្ត ដែលអ្នកគាំទ្រជាច្រើន កំពុងទន្ទឹងរង់ចាំទស្សនា។
គួរដឹងថា ប្រសិនបើគ្មានការប្រែប្រួលទេនោះ បន្ទាប់ពីរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ជំនួបកាត់សេចក្ដីស្វែងរកជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦៕អត្ថបទ លី ឈុនឡា
