ខ្សែបម្រើប្រយុទ្ធហូឡង់ Xavi Simons នឹងមិនមានវត្តមាននៅលើទីលានឡើយសម្រាប់ Tottenham Hotspur សម្រាប់ការប្រកួតដែលនៅសល់រដូវកាលនេះ បូករួមទាំងអវត្តមានពី World Cup ឆ្នាំនេះផងដែរក្រោយរងរបួសដាច់សរសៃពួរ ACL។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានសែងចេញនៅវគ្គទីពីរអំឡុងជ័យជំនះរបស់ Spurs នៅទឹកដី Wolves ចុងសប្តាហ៍កន្លងទៅ នៅពេលប៉ះទង្គិចជាមួយខ្សែការពារ Hugo Bueno។
Simons បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនសម្តែងអារម្មណ៍សោកស្តាយ ដែលមិនអាចជួយក្លិបរបស់ខ្លួនបានស្របពេលដែលកំពុងតស៊ូគេចចេញពីការកាត់ចេញនៅ Premier League និងជាពិសេសគឺអវត្តមានពីក្រុមជម្រើសជាតិហូឡង់នៅ World Cup ឆ្នាំនេះ។
Simons បានចូលរួមជាមួយ Spurs កាលពីរដូវក្តៅឆ្នាំមុនផ្ទេរពី RB Leipzig ក្នុងតម្លៃ ៥២ លានផោន បង្ហាញខ្លួនក្នុងលីគបាន ២៨ លើករកបានពីរគ្រាប់ និងបញ្ជូនប្រាំ។
បន្ទាប់ពីឈ្នះ Wolves កាលពីចុងសប្តាហ៍ Spurs នៅតែស្ថិតនៅតំបន់គ្រោះថ្នាក់នៅឡើយខណៈបួនប្រកួតដែលនៅសល់ត្រូវជួបជាមួយ Aston Villa Leeds United Chelsea និង Everton។
World Cup 2026 នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាឆ្នាំនេះ ហូឡង់ស្ថិតក្នុងពូល F នឹងត្រូវជួបជាមួយ ជប៉ុននៅថ្ងៃទី ១៤ ខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ



