ប្រជាពលរដ្ឋខ្មែរ បានបន្តបង្ហាញការគាំទ្រលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តបោសសម្អាត Online Scams ចេញពីកម្ពុជា ដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ និងជាការបញ្ជាក់ថា កម្ពុជាពុំមែនជាទីសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជននោះឡើយ។

ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បានបន្ថែមល្បឿនកាន់តែខ្លាំង ក្នុងការបោសសម្អាត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្របតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាអនុវត្តអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លើការត្រួតពិនិត្យការស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេសទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីច្បាប់ប្រឆាំងនឹង Online Scams បានចូលជាធរមានរួចមក កម្លាំងអាជ្ញាធរ ក៏បានចាប់អនុវត្តយ៉ាងពេញលេញ ដោយក្នុងនោះមានជនបរទេស និងម្ចាស់ទីតាំងផ្តល់ការស្នាក់នៅដោយខុសច្បាប់ឲ្យជនបរទេសមួយចំនួន ក៏ត្រូវទទួលរងនូវការអនុវត្តទោសទណ្ឌច្បាប់ និងអនុវត្តទណ្ឌកម្មពិន័យជាទឹកប្រាក់ជាច្រើនបន្តបន្ទាប់ហើយផងដែរ។
ពលរដ្ឋសម្តែងការគាំទ្រលើយុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹងសង្ឃឹមមុតមាំថា ច្បាប់ប្រឆាំង Online scams នៅកម្ពុជា នឹងអាចធ្វើឲ្យក្រុមឧក្រិដ្ឋជនជាជនបរទេសទាំងឡាយ ក្លោកខ្លាច និងឈប់ជ្រើសរើសកម្ពុជា ជាទីសម្រាប់ចូលមកជ្រកកោន ដើម្បីប្រព្រឹត្តិបទល្មើសឧក្រិដ្ឋនានាបន្តទៅមុខទៀត។
លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីពេលថ្មីៗថា ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន១.៧៤៤.០០០.០០០រៀល៕ អត្ថបទ៖ លីហេង


