ព្រះសង្ឃ និងប្រជាពលរដ្ឋ បានសម្ដែងអារម្មណ៍ត្រេកអរ និងថ្វាយព្រះពរ ព្រះមហាក្សត្រ ក្រោយពីទទួលដំណឹង ពីព្រះរាជសុខភាព របស់ព្រះអង្គ ដែលកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ នៅប្រទេសចិន មានស្ថានភាពល្អប្រសើរ។

ព្រះគ្រូសូត្រស្ដាំ គង់នៅ វត្តពិភទ្ទរង្សី ចិនដំដែក និង ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានសង្ឃដីកា និងបានប្រាប់ BTV នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះថា ព្រះអង្គ មានព្រះទ័យរីករាយ នៅពេលដែលទទួលដំណឹងថា ព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពល្អប្រសើរ។ ព្រះសង្ឃ និងពលរដ្ឋ ថា បើទោះបីព្រះករុណា មិនទាន់អាចយាងនិវត្តន៍មកមាតុប្រទេសវិញ ក៏ពិតមែន ប៉ុន្ដែការវិវឌ្ឍន៍ ស្ថានភាពព្រះរាជសុខភាពល្អប្រសើរនេះ គឺជាដំណឹងដ៏រីករាយ របស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
សូមជម្រាបជូនថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា បន្ទាប់ពីគង់ប្រថាប់ ក្នុងមន្ទីរពេទ្យ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន រយៈពេល ១សប្ដាហ៍កន្លងមកនេះ ស្ថានភាពព្រះរាជសុខភាព របស់ព្រះករុណា ព្រះមហាក្សត្រ បានល្អប្រសើរបន្តិចជាងមុន។ ហើយក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសចិន កំពុងបន្ត ថ្វាយការតាមដានព្រះរាជសុខភាព យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ តាមក្រសួងព្រះបរមរាជវាំង ព្រះករុណា ព្រះមហាក្សត្រ ទ្រង់ត្រូវបន្តគង់ប្រថាប់ តាមដានព្រះរាជសុខភាព ក្នុងមន្ទីរពេទ្យ នៅប្រទេសចិនមួយរយៈទៀត រហូតដល់ព្រះរាជសុខភាព ព្រះអង្គល្អឡើងវិញ៕ អត្ថបទ៖ លៀ ស៊ីណា




