ក្រុមមន្រ្តីនិយាយថា អ៊ីរ៉ាក់ កំពុងពង្រីកការផលិតថាមពលពន្លឺព្រះអាទិត្យនៅខេត្តភាគខាងត្បូង Basra របស់ខ្លួន ស្របពេលដែលពួកគេព្យាយាមធ្វើពិពិធកម្មប្រភពថាមពល កាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីល និងបន្ធូរបន្ថយសម្ពាធពីវិបត្តិផ្គត់ផ្គង់ឧស្ម័ន ។
លោក Haider Adnan គឺជាអ្នកត្រួតត្រារបស់ក្រុមហ៊ុន TotalEnergies និយាយថា ស្ថានីយថាមពលពន្លឺព្រះអាទិត្យ Basra Sun ដែលជារោងចក្រថាមពលកម្លាំង ២៥០ មេហ្គាវ៉ាត់លើកដំបូង បានចាប់ផ្តើមប្រតិបត្តិការកាលពីខែមីនា ឆ្នាំ ២០២៦ ហើយនិងបានតភ្ជាប់ទៅកាន់បណ្តាញអគ្គិសនីជាតិ ។

លោក Adnan បន្តថា គម្រោងពេញលេញ ត្រូវបានរចនាឡើង ដើម្បីផលិតអគ្គិសនី ១ ជីហ្គាវ៉ាត់នៅតាមរោងចក្រថាមពលកម្លាំង ២៥០ មេហ្គាវ៉ាត់ ៤កន្លែង ហើយនិងរួមបញ្ចូលផ្ទាំងស្រូបពន្លឺព្រះអាទិត្យចំនួនប្រហែល ២លានបន្ទះ ។
ចំណែកឯលោក Haider Issa គឺជាអ្នកគ្រប់គ្រងគម្រោង និយាយថា រោងចក្រប្រើប្រាស់ប្រព័ន្ធតាមដានពន្លឺព្រះអាទិត្យ ដើម្បីរក្សាផ្ទាំងស្រូបពន្លឺព្រះអាទិត្យឲ្យស្របគ្នាជាមួយព្រះអាទិត្យ និងបច្ចេកវិទ្យាសម្អាតស្ងួតដោយប្រើប្រាស់មនុស្សយន្ត ។
លោក Issa បន្តថា គម្រោងនេះ គឺជាផ្នែកមួយនេះការផ្លាស់ប្តូរធំទូលាយឆ្ពោះទៅរកថាមពលស្អាតដែលមានគោលបំណងដោះស្រាយកង្វក់បរិយាកាស និងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ចេញពីរោងចក្រថាមពលប្រេងឥន្ធនៈហ្វូស៊ីលធម្មតា ៕
