អាស៊ាន (ASEAN) និងសហភាពអឺរ៉ុប (EU) ត្រូវបានជំរុញឲ្យធ្វើតួនាទីជារបាំងដ៏រឹងមាំការពារស្ថិរភាព និងភាពអាចទស្សន៍ទាយបាន ក្នុងអំឡុងពេលមានជម្លោះសកលដែលកំពុងឡើងកម្ដៅខ្លាំងទៅៗ និងការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុបលើកទី២៥ (AEMM) គឺអនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប្រ៊ុយណេ លោក Datuk Seri Erywan Yusof និងតំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ លោកស្រី Kaja Kallas។ ថ្នាក់ដឹកនាំទាំង២ នៅក្នុងសុន្ទរកថាបើករៀងៗខ្លួន បានបញ្ជាក់ថា ការរក្សាស្ថានភាពបច្ចុប្បន្ន លែងគ្រប់គ្រាន់ទៀតហើយ ខណៈពិភពលោក កំពុងប្រឈមនឹងការធ្វើតេស្តភាពតានតឹង លើវិស័យជាច្រើន។

លោក Erywan បាននិយាយថា សហគមន៍ពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកាន់តែខ្ពស់ និងការធ្លាក់ចុះយ៉ាងច្បាស់នៃគំរូសកល។ លោកបានបញ្ជាក់ថា ភាពតានតឹង និងជម្លោះដែលកំពុងកើនឡើង កំពុងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់យ៉ាងសកម្ម ធ្វើឲ្យទីផ្សារថាមពលមិនមានស្ថិរភាព និងជំរុញឲ្យតម្លៃទំនិញសំខាន់ៗហក់ឡើង នៅទូទាំងពិភពលោក។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ លោក Erywan បាននិយាយថា អាស៊ាន និង EU ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការរបស់ប្លុកទាំង២ ប្រកបដោយការមានគោលបំណង និងមហិច្ឆតាកាន់តែខ្លាំង។
សម្រាប់លោកស្រី Kallas ដោយបន្ទរតាមភាពបន្ទាន់នៃស្ថានភាពនេះ លោកស្រីបានលើកឡើងថា ពិភពលោកកំពុងត្រូវប្រឈមជាមួយបញ្ហាមិនធ្លាប់មានពីមុនមក ដោយចង្អុលបង្ហាញថា សង្គ្រាមដែលកំពុងបន្តនៅអាស៊ីខាងលិច បានបង្កឲ្យមានវិបត្តិថាមពលសកល។ លោកស្រីក៏បានកត់សម្គាល់ពីភាពចាំបាច់នៃការមានវិធានការរួមគ្នា ក្នុងការដោះស្រាយភាពងាយរងគ្រោះសម័យទំនើប រាប់ចាប់ពីសន្តិសុខតាមអ៊ីនធឺណិត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតមិនត្រឹមត្រូវ រហូតដល់ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមសមុទ្រ និងសន្តិសុខដែនសមុទ្រ។
កិច្ចប្រជុំ AEMM លើកទី២៥ រយៈពេល ២ថ្ងៃបានបញ្ចប់នៅថ្ងៃនេះ (ទី២៨ ខែមេសា ឆ្នាំ២០២៦)។ ប្រទេសព្រុយណេ ដែលជាម្ចាស់ផ្ទះ គឺជាអ្នកសម្របសម្រួលប្រទេស សម្រាប់ទំនាក់ទំនងសន្ទនាអាស៊ាន-សហភាពអឺរ៉ុប សម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៧៕

