ប្រទេសអូស្ត្រាលីបានបង្ហាញសេចក្តីព្រាងច្បាប់ នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ ដែលនឹងដាក់បន្ទុកពន្ធ លើក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស ដូចជា Meta, Google និង TikTok ជាដើម ប្រសិនបើក្រុមហ៊ុនទាំងនោះមិនធ្វើកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត ដើម្បីបង់ប្រាក់ឲ្យស្ថាប័នព័ត៌មានក្នុងស្រុក សម្រាប់ព័ត៌មាន។
ក្រុមហ៊ុនសារព័ត៌មានប្រពៃណីទូទាំងពិភពលោក កំពុងជួបការលំបាកក្នុងការតស៊ូ ដើម្បីបន្តរស់ ខណៈដែលអ្នកអាន កំពុងប្រើប្រាស់ព័ត៌មានរបស់ពួកគេកាន់តែច្រើនឡើងៗ តាមរយៈបណ្ដាញសង្គម។ ប្រទេសអូស្ត្រាលីចង់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ផ្តល់សំណងដល់ក្រុមហ៊ុនសារព័ត៌មានក្នុងស្រុក សម្រាប់ការចែករំលែកអត្ថបទព័ត៌មានដែលចរាចរនៅលើវេទិការបស់ពួកគេ។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស Meta, Google និង TikTok នឹងត្រូវបានផ្តល់ឱកាសឲ្យធ្វើកិច្ចព្រមព្រៀងមាតិកាជាមួយស្ថាប័នសារព័ត៌មានក្នុងស្រុក។ លោកបានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនទាំងនោះបដិសេធ ពួកគេប្រឈមជាមួយបន្ទុកពន្ធជាកាតព្វកិច្ចដែលមានចំនួន ២,២៥ភាគរយនៃប្រាក់ចំណូលអូស្ត្រាលីរបស់ពួកគេ។

លោក Albanese បានប្រាប់អ្នកសារព័ត៌មានថា៖ «វេទិកាឌីជីថលធំៗ មិនអាចគេចពីកាតព្វកិច្ចរបស់ពួកគេបានឡើយ ក្រោមច្បាប់ចរចាបង់ប្រាក់ឲ្យស្ថាប័នសារព័ត៌មាន។ នៅពេលនេះ មានក្រុមហ៊ុន ៣ គឺ Meta, Google និង TikTok»។
សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើង ដើម្បីបញ្ឈប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកុំឲ្យដកព័ត៌មានចេញពីវេទិការបស់ពួកគេ ជាអ្វីដែលក្រុមហ៊ុន Meta និង Google ធ្លាប់បានធ្វើនៅបរទេស កាលពីអតីតកាល៕


