អ៊ុយក្រែន៖ មន្ត្រីកំពូលសហភាពអឺរ៉ុប ២រូបបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដើម្បីព្យាយាមស្វែងរកការបង្កើនការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសអ៊ុយក្រែន។ ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានទៅពិនិត្យមើលផ្នូរធំនៅក្នុងក្រុង Bucha រួមជាមួយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell ដោយបាននិយាយថា ជាអ្វីដែលមិននឹកស្មានដល់បានកើតឡើងនៅទីនេះ។
លោកស្រី von der Leyen បាននិយាយក្នុងអំឡុងដំណើរចុះពិនិត្យទៅកាន់ទីក្រុង Bucha ថា យើងបានឃើញភាពឃោរឃៅហួសហេតុរបស់កងទ័ពលោក Putin។ រូបភាពសាកសពរាយប៉ាយនៅតាមផ្លូវ បន្ទាប់ពីកងកម្លាំងរុស្ស៊ីដកថយបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ លោកស្រី Von der Leyen និយាយថា សហភាពអឺរ៉ុបនឹងគាំទ្រអ៊ុយក្រែនតាមមធ្យោបាយដែលអាចធ្វើទៅបាន និងផ្តល់អាវុធដល់ទាហានអ៊ុយក្រែនក្លាហាន ដើម្បីការពារប្រទេសរបស់ពួកគេ។ លោកស្រីនិយាយថា វាមានសារៈសំខាន់បំផុតក្នុងការធ្វើឱ្យប្រាកដថា ពួកគេមានយុទ្ធោបករណ៍ដែលចាំបាច់ដើម្បីការពារអ៊ុយក្រែន ប៉ុន្តែក៏ដើម្បីទប់ទល់អ្នកឈ្លានពាន។ លោកស្រីនឹងធ្វើការជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal និងប្រធានាធិបតីលោក Zelenskyy លើដំណើរការអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុប៕
អត្ថបទ៖ ប៊ុនថន