ប្រភពចំនួន ៦ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អង្គការណាតូ (NATO) កំពុងពិចារណាបញ្ចប់ការអនុវត្តថ្មីៗរបស់ខ្លួន ក្នុងការរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ជាចំណាត់ការមួយដែលអាចបញ្ចៀសការប្រឈមមុខតានតឹងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងឆ្នាំចុងក្រោយនៃការកាន់តំណែងរបស់លោក។
រដ្ឋបាលរបស់លោក Trump បានរិះគន់ខ្លាំងៗម្តងហើយម្តងទៀត ចំពោះសមាជិកចំនួន ៣១ប្រទេសផ្សេងទៀតរបស់សម្ព័ន្ធមិត្តការពារជាតិដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ដោយថ្មីៗនេះ បានស្តីបន្ទោសរដ្ឋខ្លះ ដែលមិនផ្តល់ជំនួយបន្ថែមដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។


ភាពញឹកញាប់នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ មានភាពខុសប្លែកគ្នាក្នុងប្រវត្តិសាស្ត្រ ៧៧ឆ្នាំរបស់សម្ព័ន្ធមិត្ត ប៉ុន្តែថ្នាក់ដឹកនាំរបស់សម្ព័ន្ធនេះ បានជួបគ្នារៀងរាល់រដូវក្តៅ ចាប់តាំងពីឆ្នាំ២០២១ មក ហើយនឹងជួបជុំគ្នា នៅឆ្នាំ២០២៦ នៅរដ្ឋធានី Ankara ប្រទេសទួរគី នាថ្ងៃទី៧ និងទី៨ ខែកក្កដា។
ប៉ុន្តែសមាជិកមួយចំនួន កំពុងជំរុញឲ្យបន្ថយការរៀបចំនេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់អឺរ៉ុបម្នាក់ និងអ្នកការទូតចំនួន ៥នាក់ ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដោយអ្នកទាំងអស់នេះមកពីប្រទេសសមាជិកអង្គការណាតូ ។
អ្នកការទូតម្នាក់ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាល់បានី ទំនងជានឹងធ្វើឡើងនៅរដូវស្លឹកឈើជ្រុះឆ្នាំនោះ ហើយអង្គការណាតូកំពុងពិចារណាមិនរៀបចំកិច្ចប្រជុំកំពូលណាមួយឡើយ នៅឆ្នាំ២០២៨ ពោលគឺជាឆ្នាំមានការបោះឆ្នោតប្រធានាធិបតីអាមេរិក និងជាឆ្នាំចុងក្រោយរបស់លោក Trump ក្នុងការកាន់តំណែង៕
