រដ្ឋាភិបាលប្រទេសន័រវេស បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសន័រវេស និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមការផលិតយានដ្រូនអ៊ុយក្រែនរួមគ្នានៅប្រទេសន័រវេស។
សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិន័រវេសបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងគីវដោយឯកអគ្គរដ្ឋទូតន័រវេសប្រចាំប្រទេសអ៊ុយក្រែន និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន។
ក្រុមហ៊ុនផលិតរបស់អ៊ុយក្រែន បានប្រាប់ក្រសួងការពារជាតិន័រវេសថា ខ្លួនរំពឹងថាប្រព័ន្ធផលិតដោយប្រទេសន័រវេសដំបូងនឹងត្រូវបានដឹកជញ្ជូនទៅឱ្យអ៊ុយក្រែននៅមុនរដូវក្តៅនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស បាននិយាយថា កិច្ចសហប្រតិបត្តិការនេះគឺជា «ជំហានដ៏សំខាន់ និងជាក់ស្តែង» ឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការការពារជាតិន័រវេស-អ៊ុយក្រែន កាន់តែស៊ីជម្រៅ។
កិច្ចព្រមព្រៀងនេះ ក៏នឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគី រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា។

