លោក Arsenio Dominguez អគ្គលេខាធិការអង្គការសមុទ្រអន្តរជាតិ (IMO) បានអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ការជម្លៀសនាវិកដែលជាប់ខ្លួននៅច្រកសមុទ្រ Hormuz។ នៅក្នុងសន្និសីទសារព័ត៌មានរបស់លោកទៅកាន់ក្រុមប្រឹក្សាសន្តិសុខស្តីពី «សុវត្ថិភាព និងការការពារផ្លូវទឹកនៅក្នុងដែនសមុទ្រ» លោក Dominguez បានស្នើសុំឱ្យរដ្ឋនានា គាំទ្រផែនការរបស់អង្គការសមុទ្រអន្តរជាតិ (IMO) ដើម្បីសម្រួលដល់ការជម្លៀសនាវិកដែលរងផលប៉ះពាល់។

ជម្លោះភូមិសាស្ត្រនយោបាយជុំវិញច្រកសមុទ្រ Hormuz កំពុងមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើនាវិក និងការដឹកជញ្ជូនទំនិញព្រមទាំងទៅលើប្រជាជន និងសេដ្ឋកិច្ចពិភពលោក។ លោក Dominguez បាននិយាយថា នាវិកប្រហែល ២០.០០០នាក់ និងនាវាជិត ២.០០០គ្រឿងនៅតែជាប់គាំងនៅឈូងសមុទ្រពែក្ស។
លោកបានស្នើសុំឱ្យរដ្ឋនានាផ្តល់ជំនួយបច្ចេកទេស និងប្រតិបត្តិការស៊ីវិលណាមួយ ដើម្បីដំណើរការក្របខ័ណ្ឌជម្លៀសរបស់អង្គការសមុទ្រអន្តរជាតិ (IMO)។ លោកក៏បានស្នើសុំឱ្យរដ្ឋនានា ជួយបោសសំអាតគ្រោះថ្នាក់ចំពោះនាវាពាណិជ្ជកម្មដែលកំពុងធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz រួមទាំងបោសសម្អាតគ្រាប់មីនផងដែរ។
លោក Dominguez បានស្នើសុំបន្ថែមទៀតថា រដ្ឋនានាត្រូវផ្តល់ការធានាជាក់ស្តែងដល់វិស័យដឹកជញ្ជូន រួមទាំងការទទួលបានធានារ៉ាប់រងក្នុងតម្លៃសមរម្យ ដើម្បីឱ្យអាចបន្តប្រតិបត្តិការជាប្រក្រតីឡើងវិញ បានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។
