ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិរបស់ប្រទេសនីហ្សេរីយ៉ា Terra Industries បានធ្វើឲ្យមានការទាក់ទាញចំណាប់អារម្មណ៍កាលពីថ្ងៃចន្ទដោយការបង្ហាញប្រព័ន្ធការពារជាតិស្វ័យប្រវត្តិចុងក្រោយរបស់ខ្លួន។ ការចាប់ផ្តើមដំណើរការនេះ បង្ហាញពីការផ្លាស់ប្តូរការផ្តោតសំខាន់របស់ក្រុមហ៊ុនពីសន្តិសុខហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ទៅជាការអនុវត្តផ្នែកយោធាដោយផ្ទាល់ជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនីហ្សេរីយ៉ា។
លោក Nathan Nwachuku សហស្ថាបនិកនៃក្រុមហ៊ុន Terra Industries បាននិយាយថា «ថ្ងៃនេះ យើងកំពុងបង្ហាញប្រព័ន្ធការពារជាតិថ្មីៗដូចជា យានដ្រូនស្ទាក់ចាប់ ឧបករណ៍បោសសម្អាតគ្រាប់មីន យានដែលអាចរកឃើញឧបករណ៍បំផ្ទុះកែច្នៃនៅលើដី និងកម្មវិធី software ស៊ើបការណ៍សម្ងាត់នៅសមរភូមិរបស់យើង ដែលនឹងអាចធ្វើស្វ័យប្រវត្តិកម្មដំណើរការរៀបចំផែនការ និងសម្របសម្រួលយោធា។ ប៉ុន្តែហួសពីនេះ យើងក៏បានបង្ហាញពីការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការនៅសមរភូមិ និងការដាក់ពង្រាយជាក់ស្តែងនៅសមរភូមិ»។
ក្រុមហ៊ុន Terra Industries បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយសាជីវកម្មឧស្សាហកម្មការពារជាតិ (DICON) គ្រប់គ្រងដោយរដ្ឋនីហ្សេរីយ៉ា កាលពីខែកុម្ភៈ។ លោក Babatunde Ayala អគ្គនាយកសាជីវកម្មនេះ បាននិយាយថា កិច្ចសហការគឺចាំបាច់។
បច្ចុប្បន្នក្រុមហ៊ុន Terra Industries ការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមានតម្លៃប្រហែល ១១ ពាន់លានដុល្លារនៅទូទាំងទ្វីបអាហ្វ្រិក។

