រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានជួបជាមួយសមភាគីអូស្រ្តាលីលោកស្រី Penny Wong នៅទីក្រុងតូក្យូនាថ្ងៃអង្គារនេះ ស្របពេលដែលកិច្ចប្រជុំសន្តិភាពជាប់គាំងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តធ្វើឲ្យអាក់ខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
លោកស្រី Wongនិយាយថា ទំនាក់ទំនងរវាងអូស្រ្តាលី និងជប៉ុន នឹងដើរតួនាទីសំខាន់ ស្របពេលដែលច្រកសមុទ្រ Hormuz នៅតែបន្តបិទចំពោះការធ្វើនាវាចរណ៍តាមសមុទ្រ ។
លោកស្រីបន្តថា ខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកយើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ។ ការនាំចូលប្រេងពីប្រទេសដៃគូដូចជាជប៉ុន នឹងជំរុញឲ្យអូស្រ្តាលីបន្តក្លាយជាប្រទេសនាំចេញថាមពល និងចំណីអាហារដ៏គួរឲ្យទុកចិត្តទៅកាន់ពិភពលោក ។

ជំនួបរដ្ឋមន្រ្តីការបរទេសនេះដែរ បានកើតមានឡើង មុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ទៅកាន់ទីក្រុង Canberra នាសប្តាហ៍ក្រោយ ។
អូស្រ្តាលីដែលនាំចូលប្រេងភាគច្រើនរបស់ខ្លួននោះ បានជួបកង្វះខាតក្នុងស្រុក អំឡុងសង្រ្កាមតំបន់មជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ ពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់ ៕
