ដោយគ្មានកិច្ចប្រជុំការទូតទល់មុខគ្នាបែបនេះ ក្តីសង្ឃឹមនៃការស្រោចស្រង់កិច្ចខិតខំសន្តិភាពហាក់លែងមាន ប៉ុន្តែប្រភពពីប៉ាគីស្ថាបបានឲ្យដឹងថា ការងារពុំទាន់បានបញ្ឈប់នោះទេ ក្នុងការព្យាយាមបំពេញចន្លោះប្រហោងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីការទូតពុំមានវត្តមានៅប្រទេសប៉ាគីស្ថាននោះទេ សម្រាប់កិច្ចប្រជុំស្វែងរកសន្តិភាពជាមួយសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី Donald Trump លុបចោលដំណើរទស្សនកិច្ចតាមការគ្រោងទុករបស់ប្រេសិតពិសេសរបស់លោកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Saint Petersburg កាលពីថ្ងៃចន្ទ ជាទីដែលលោកបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ លោកថា ប៉ាគីស្ថាន ដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ នៅក្នុងកិច្ចចរចាស្វែងរកសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ។
ប្រភពអ៊ីរ៉ង់បានបញ្ចេញនូវសំណើចុងក្រោយរបស់ពួកគេកាលពីថ្ងៃចន្ទ ដែលដកចេញការជជែកគ្នាពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ រហូតដល់សង្រ្គាមត្រូវបានបញ្ចប់ ហើយនិងជម្លោះជុំវិញការដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រ ត្រូវបានដោះស្រាយរួចរាល់ ។
សំណើចុងក្រោយនេះ ទំនងជាធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមិនពេញចិត្តនោះទេដែលពួកគេធ្លាប់និយាយរួចហើយថា បញ្ហានុយក្លេអ៊ែរ ត្រូវតែដោះស្រាយគ្នាតាំងពីដើមទីមកម្ល៉េះ ។
សូមបញ្ជាក់ថា អ៊ីរ៉ង់ បានបិទការដឹកជញ្ជូនភាគច្រើនចេញពីកំពង់ផែនៅតំបន់ឈូងសមុទ្រ ឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ៕
