រូបភាពវីដេអូឃ្លីបឃើញ រថយន្តមានការបិទបាំងយោធា បានបើកឆ្លងកាត់ដងផ្លូវនៅក្នុងទីក្រុង Kidal របស់ប្រទេសម៉ាលី ខណៈមនុស្សប្រុសនាំគ្នាស្រែកពាក្យ “ព្រះដ៏អស្ចារ្យ” ពេលដែលរថយន្តបើកឆ្លងកាត់ពួកគេ ក្រោយការវាយប្រហារសម្លាប់លោករដ្ឋមន្រ្តីការពារជាតិ Sadio Camara ។
ទោះបីជាយ៉ាងណាក៏ដោយ បុរសនៅលើរថយន្តទាំងនោះ ពុំត្រូវបានផ្តល់អត្តសញ្ញាណនោះទេ ។ កងកម្លាំងអាហ្វ្រិកដែលជាទាហានប៉ារ៉ាគ្រប់គ្រងដោយក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានដកចេញពីទីក្រុងភាគខាងជើង Kidal ក្រោយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅទីនោះ ។

ចំណែកឯក្រុមរណសិរ្សរំដោះ Azawad និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុង Kidal បានដួលរលំហើយៗអ្នកនាំពាក្យក្រុមមួយនេះ និយាយនៅលើបណ្តាញព័ត៌មានសង្គមថា កិច្ចព្រមព្រៀងបានឈានដល់ ដើម្បីអនុញ្ញាតឲ្យទាហានស៊ីឈ្នូលរុស្ស៊ីចាកចេញពីជំរំឡោមព័ទ្ធ ស្ថិតនៅក្រៅទីក្រុង ជាទីដែលកងកម្លាំងប្រដាប់អាវុធម៉ាលី បន្តជាប់គាំង ។
អគ្គនាយសេនាធិការកងទ័ពម៉ាលីលោកឧត្តមសេនីយ៍ Oumar Diarra និយាយប្រាប់ទូរទស្សន៍រដ្ឋថា យោធាបានផ្លាស់ប្តូរទីតាំងឈរជើងរបស់ខ្លួននៅទីក្រុង Kidal ហើយប្រតិបត្តិការរបស់ពួកគេនៅតំបន់នោះ កំពុងបន្ត ។
សូមបញ្ជាក់ថា ទីក្រុង Kidal គឺជាអតីតតំបន់កាន់កាប់របស់ក្រុមរណសិរ្សរំដោះ Azawad គឺជាក្រុមឧទ្ទាមធ្វើការជាមួយក្រុម JNIM ដែលបានបើកការវាយប្រហារកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដើម្បីសម្លាប់លោករដ្ឋមន្រ្តីការពារជាតិ Camara ៕
