លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្កោលទោសជាសាធារណៈ ចំពោះអ៊ីស្រាអែល ដែលលោកបានចោទប្រកាន់ថា បានទិញគ្រាប់ធញ្ញជាតិដែលត្រូវបានលួចដោយទីក្រុងមូស្គូពីតំបន់ ដែលកាន់កាប់ដោយរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Zelenskyy បាននិយាយថា៖ «ការទិញទំនិញដែលត្រូវបានលួចនៅក្នុងប្រទេសធម្មតាទាំងអស់ គឺជាទង្វើមួយដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្នែកច្បាប់។ អាជ្ញាធរអ៊ីស្រាអែលមិនអាចមិនដឹងនោះឡើយថា តើនាវាមកពីណា និងទំនិញប្រភេទអ្វីដែលបានទៅដល់កំពង់ផែរបស់ប្រទេស»។
លោកប្រធានាធិបតីរូបនេះ បានបន្ថែមថា៖ «ប្រទេសអ៊ុយក្រែន ដោយផ្អែកលើព័ត៌មានពីចារកម្មរបស់យើង កំពុងរៀបចំកញ្ចប់ទណ្ឌកម្មសមស្របមួយ ដែលនឹងគ្របដណ្តប់ទាំងអ្នកដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិនេះដោយផ្ទាល់ ហើយនិងបុគ្គល និងស្ថាប័នទាំងនោះ ដែលព្យាយាមរកប្រាក់ចំណេញពីគម្រោងឧក្រិដ្ឋកម្មបែបនេះ»។
លោកបានបន្ថែមថា៖ «យើងក៏នឹងសម្របសម្រួលជាមួយដៃគូអឺរ៉ុបផងដែរ ដើម្បីឲ្យបុគ្គលពាក់ព័ន្ធ ត្រូវបានរួមបញ្ចូលនៅក្នុងប្រព័ន្ធទណ្ឌកម្មរបស់អឺរ៉ុប"។
គួរបញ្ជាក់ថា នាវាដឹកទំនិញ Panormitis មានទង់ជាតិប៉ាណាម៉ា ដែលត្រូវបានចោទប្រកាន់ថា កំពុងដឹកជញ្ជូនគ្រាប់ធញ្ញជាតិត្រូវបានលួចពីទឹកដីអ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី បានចូលទៅឆកសមុទ្រ Haifa Bay កាលពីសប្តាហ៍មុន។ ស្ថាប័នតាមដានចរាចរណ៍សមុទ្រ បង្ហាញថា នាវានេះ កំពុងចតនៅជិតឆ្នេរសមុទ្រអ៊ីស្រាអែល។
ព័ត៌មាននេះកើតឡើងបន្ទាប់ពីនាវាមួយគ្រឿងផ្សេងទៀត គឺនាវាដឹកទំនិញខ្នាតធំ Abinsk របស់រុស៊ី បានចូលចតនៅទីក្រុង Haifa កាលពីដើមខែមេសា ដោយមានស្រូវសាលីអ៊ុយក្រែនដែលត្រូវបានលួចជិត ៤៤.០០០តោន៕