ក្រសួងការបរទេសចិន អំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់អនុវត្តខុស ក្នុងការបំពានទណ្ឌកម្មរបស់ខ្លួន ក្រោយពួកគេវាយប្រហារក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យធំបំផុតរបស់ចិន ដោយសារចោទប្រកាន់ពួកគេថា បានទិញប្រេងអ៊ីរ៉ង់ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា ចិនតែងតែជំទាស់ឥតឈប់ឈរចំពោះទណ្ឌកម្មខុសច្បាប់ឯកតោភាគីដែលខ្វះមូលដ្ឋានច្បាប់អន្តរជាតិ ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនចម្រាញ់ប្រេងនោះ ស្ថិតក្នុងចំណោមអតិថិជនធំបំផុតរបស់អ៊ីរ៉ង់សម្រាប់ប្រេងឆៅ និងផលិតផលប្រេងសាំង ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានច្រានចោលរាល់ទំនាក់ទំនងណាមួយជាមួយអ៊ីរ៉ង់ ហើយនិងជំរុញឲ្យអាមេរិកដកចេញវិញទណ្ឌកម្មរបស់ពួកគេ ។
ក្រុមហ៊ុន Hengli Petrochemical ដែលប្រតិបត្តិការចម្រាញ់ប្រេង ៤០ម៉ឺនបារ៉ែលក្នុង ១ថ្ងៃនៅទីក្រុងតំបន់ឆ្នេរភាគឦសាន Dalian បាននិយាយកាលពីថ្ងៃអាទិត្យថា រោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈរបស់ពួកគេ នៅប្រតិបត្តិការធម្មតា ដោយពួកគេទទួលបានប្រេងឆៅដែលអាចដំណើរការបានរយៈពេលជាង ៣ខែទៀត ៕