អ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) បានលើកឡើងថា សហរដ្ឋអាមេរិកលែងអាច «កំណត់» អ្វីដែលប្រទេសដទៃត្រូវធ្វើទៀតហើយ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានថ្លឹងថ្លែងលើសំណើថ្មីពីទីក្រុងតេអេរ៉ង់ ជុំវិញការបិទច្រកសមុទ្រ Hormuz។
ចាប់តាំងពីដើមដំបូងនៃសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់បានបិទផ្លូវទឹកយុទ្ធសាស្ត្រនេះយ៉ាងមានប្រសិទ្ធភាព ដោយបានបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់ទីផ្សារថាមពលសកល និងធ្វើឲ្យច្រកសមុទ្រនេះកា្លយជាចំណុចកណ្តាលនៃការចរចា ដើម្បីបញ្ចប់ជម្លោះ។
បើយោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ លោក Reza Talaei-Nik បាននិយាយថា «សហរដ្ឋអាមេរិកលែងមានឥទ្ធិពលកំណត់គោលនយោបាយរបស់ខ្លួនដល់ប្រទេសឯករាជ្យទៀតហើយ» ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹង «ត្រូវទទួលយកថា ខ្លួនត្រូវតែបោះបង់ចោលការទាមទារខុសច្បាប់ និងមិនសមហេតុផលរបស់ខ្លួន»។
ទោះបីជាបទឈប់បាញ់បានបញ្ឈប់ការប្រយុទ្ធគ្នា រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ក៏ការចរចា ស្តីពីការឈានដល់ការបញ្ចប់ជាអចិន្ត្រៃយ៍ ចំពោះជម្លោះនេះ មិនទាន់ចេញជាលទ្ធផលច្បាស់លាស់នៅឡើយទេ។
សំណើដែលកំពុងត្រូវបានពិចារណានៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា នឹងមានការបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នសកល ខណៈដែលការចរចាទូលំទូលាយ ស្ដីអំពីសង្គ្រាម នៅតែបន្តមាន៕