ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ Terra Industries របស់នីហ្សេរីយ៉ា បានបញ្ចេញប្រព័ន្ធការពារជាតិគ្រប់គ្រងដោយខ្លួនឯង រួមទាំងយានដ្រូនស្ទាក់ចាប់ យានបោសសម្អាតគ្រាប់មីន និងកម្មវិធីចារកម្មសមរភូមិ នៅក្នុងការបង្ហាញមួយមានការចូលរួមពីក្រុមន្រ្តីយោធាជាន់ខ្ពស់ និងក្រុមតំណាងរដ្ឋាភិបាល ។
លោក Nathan Nwachuku គឺជាសហស្ថាបនិកបង្កើតក្រុមហ៊ុន Terra Industries បាននិយាយថា ថ្ងៃនេះពួកយើងបង្ហាញប្រព័ន្ធការពារជាតិថ្មីៗរបស់ខ្លួន ដូចជា យានដ្រូនស្ទាក់ចាប់ ឧបករណ៍បោសសម្អាតគ្រាប់មីន យានដែលអាចរកឃើញឧបករណ៍បំផ្ទុះកែច្នៃនៅលើដី និងកម្មវិធីស៊ើបការណ៍សម្ងាត់នៅសមរភូមិរបស់ពួកយើង ដែលនឹងអាចដំណើរការដោយស្វ័យប្រវត្តិកម្មវិធីរៀបផែនការ និងសម្របសម្រួលយោធា ។
លោកបន្តថា ពួកយើងបង្ហាញផងដែរ ពីការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការនៅសមរភូមិ និងការដាក់ពង្រាយជាក់ស្តែងនៅសមរភូមិ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Terra Industries បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយសាជីវកម្មឧស្សាហកម្មការពារជាតិ (DICON) គ្រប់គ្រងដោយរដ្ឋនីហ្សេរីយ៉ា កាលពីខែកុម្ភៈ។
លោក Babatunde Ayala គឺជាអគ្គនាយកសាជីវកម្ម DICON បាននិយាយថា កិច្ចសហការគឺចាំបាច់ ។
បច្ចុប្បន្នក្រុមហ៊ុន Terra Industries ការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមានតម្លៃប្រហែល ១១ ពាន់លានដុល្លារនៅទូទាំងទ្វីបអាហ្វ្រិក ។
ក្រុមហ៊ុនអាយុកាល ២ឆ្នាំដែលបង្កកើតរួមគ្នាដោយសហស្ថាបនិក Nathan អាយុ ២២ឆ្នាំ និងសហស្ថាបនិក Maxwell Maduka អាយុ ២៤ឆ្នាំនេះ រកប្រាក់បាន ៣៤លានដុល្លារនៅដើមឆ្នាំនេះ ពីក្រុមហ៊ុនវិនិយោគជាច្រើន រួមទាំងក្រុមហ៊ុន Lux Capital និងក្រុមហ៊ុន 8VC ៕