រដ្ឋាភិបាលស៊ុយអែត បានព្រមាននៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះថា កង្វះខាតប្រេងឥន្ធនៈយន្តហោះ អាចកើតមាននៅក្នុងប្រទេសនៃអនុតំបន់អឺរ៉ុបខាងជើងមួយនេះ ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ ដែលបណ្តាលមកពីសង្គ្រាមមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz។
រដ្ឋមន្ត្រីក្រសួងថាមពល លោកស្រី Ebba Busch បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងចង់ផ្តល់ការព្រមានជាមុនថា មានហានិភ័យដែលនាំឲ្យខ្វះខាតប្រេងឥន្ធនៈយន្តហោះ។ នេះគឺផ្អែកលើការវាយតម្លៃរបស់ទីភ្នាក់ងារថាមពលស៊ុយអែត»។
ដោយថ្លែងរួមជាមួយនាយករដ្ឋមន្ត្រី លោក Ulf Kristersson និងនាយកទីភ្នាក់ងារថាមពល លោកស្រី Caroline Asserup លោកស្រី Busch បានបញ្ជាក់ថា៖ «ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង (រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់) នឹងត្រូវអនុវត្តនៅថ្ងៃស្អែកក៏ដោយ ក៏វាទំនងជានៅតែត្រូវការពេលវេលាមុនពេលការផ្គត់ផ្គង់ប្រេង និងឧស្ម័នត្រូវបានស្តារឡើងវិញ»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មិនមានការខ្វះខាតប្រេងឥន្ធនៈយន្តហោះជាប្រព័ន្ធនោះទេ នៅសហភាពអឺរ៉ុប។ ប៉ុន្តែក្ដីបារម្ភកំពុងកើនឡើង ខណៈដែល ២០ភាគរយនៃប្រេងឥន្ធនៈយន្តហោះដែលប្រើប្រាស់ដោយសហភាពអឺរ៉ុប ជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz៕