នៅថ្ងៃអង្គារនេះ ក្រុមមេដឹកនាំតំបន់ឈូងសមុទ្របានធ្វើដំណើរទៅដល់ទីក្រុង Jeddah របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC) ដែលជាជំនួបដោយផ្ទាល់លើកដំបូង ចាប់តាំងពីរដ្ឋរបស់ពួកគេក្លាយជាជួរមុខនៃសង្រ្គាមអ៊ីរ៉ង់កាលពីរយៈពេល ២ខែមុន ។
មន្រ្តីឈូងសមុទ្រដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ជំនួបមួយនេះមានគោលបំណងបង្កើតការឆ្លើយតបចំពោះការវាយប្រហារមីស៊ីល និងយានដ្រូនរាប់ពាន់លើករបស់អ៊ីរ៉ង់លើរដ្ឋក្នុងតំបន់ឈូងសមុទ្រ ដែលបានប្រឈម ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។
សង្រ្គាមមួយនេះ ត្រូវបានគេមើលឃើញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅរដ្ឋ GCC ទាំង ៦ រងការខូចខាត ក្នុងនោះរួមមានទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងក្រុមហ៊ុនមានការជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកផងដែរ ហើយទីតាំងយោធា បានក្លាយជាគោលដៅវាយប្រហារដូចគ្នា ។
ការវាយប្រហារបានស្ងប់ស្ងាត់ទៅវិញ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់បទឈប់បាញ់កាលពីថ្ងៃទី ៨ ខែមេសា បើទោះបីជារដ្ឋធានីក្នុងតំបន់ឈូងសមុទ្រ នៅព្រួយបារម្ភថា ជម្លោះនឹងចាប់ផ្តើមឡើងវិញក៏ដោយ ក្នុងនោះកិច្ចពិភាក្សាសហរដ្ឋអាមេរិក-អ៊ីរ៉ង់ សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអចិន្រ្តៃយ៍ មកទល់នឹងពេលនេះ នៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយនោះទេ ៕