ភ្នំពេញ៖ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែខិតចូលមកដល់ ក្រុមអ្នកប្រកបរបររថយន្តឈ្នួល ចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តហាក់មានភាពសប្បាយចិត្តច្រើន ដោយពួកគាត់សង្ឃឹមថា ចូលឆ្នាំខ្មែរឆ្នាំនេះ នឹងទទួលបានភ្ញៀវច្រើនធ្វើដំណើរ។
ជាទិដ្ឋភាពរួមនៅចំណុចចំណតរថយន្តឈ្នួល នៅត្រង់ចំណុចផ្សារថ្មី ដែលចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តមួយចំនួនដូចជា ខេត្តកំពង់ឆ្នាំង ក្រចេះ និងបណ្ដាខេត្តជាច្រើនដទៃទៀត ហាក់នៅភាពស្ងប់ស្ងាត់នៅឡើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ទោះមានការចាកចេញមិនច្រើននៅថ្ងៃនេះយ៉ាងណាក្ដី ក៏ក្រុមអ្នកប្រកបរបររថយន្តឈ្នួលដឹកអ្នកដំណើរនៅត្រង់ចំណុចនេះ មានការសង្ឃឹមថា រយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត គឺនឹងទទួលបានភ្ញៀវច្រើនក្នុងការធ្វើដំណើរ។ ពួកគាត់ថា ចំនួនភ្ញៀវអាចមានច្រើនចាប់ពីថ្ងៃទី ១១ រឺថ្ងៃទី ១២ ខែមេសា តទៅ។
នៅព្រឹកថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋមួយចំនួនតូចដែលទទួលបានការឈប់សម្រាកពីការងារ ក៏បានចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តកំណើតរបស់ខ្លួននៅថ្ងៃនេះផងដែរ។ សម្រាប់ការចាកចេញនេះ គឺពួកគាត់ចាកចេញទាំងសប្បាយចិត្ត ដោយនឹងបានទៅជួបជុំបងប្អូន និងអាចដើរលេងសប្បាយសម្រាប់ឱកាសចូលឆ្នាំខ្មែរ។
ការរៀបចំប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២២នេះ ជាការរៀបចំលើកដំបូងរបស់កម្ពុជា ក្រោយមានវត្តមានវត្តមានកូវីដ។ តាមរាជធានី-ខេត្ត ជាច្រើនក៏បានរៀបចំ កម្មវិធីសង្រ្កាន្តនិងតុបតែងយ៉ាងស្រស់ស្អាតដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។ ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ក៏ស្របពេលដែលកម្ពុជា មានករណីឆ្លងកូវីដធ្លាក់ចុះ មកត្រឹម ២ខ្ទង់ប្រចាំថ្ងៃ និងស្របពេលដែលកម្ពុជាសម្រេចជោគជ័យធំធេងលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕អត្ថបទ៖ គឹមហុក