ភ្នំពេញ៖ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជិតចូលមកដល់ឆាប់ៗនេះ សមត្ថកិច្ចរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ជួយសម្រួលចរាចរណ៍ និងពង្រឹងការអនុវត្តច្បាប់ នៅពេលពលរដ្ឋចេញពីភ្នំពេញ ទៅស្រុកំណើត ឬតំបន់កំសាន្តផ្សេងៗ ។
នៅថ្ងៃទី០៩ ខែមេសានេះ ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួល ផែនការងារចរាចរណ៍ បានប្រាប់BTVថា តាមការផែនការ នគរបាលរាជធានីភ្នំពេញ នឹងធ្វើការអនុវត្តយ៉ាងតឹងរឹងចំពោះច្បាប់ចរាចរណ៍ផ្លូវគោក មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជិតចូលមកដល់ឆាប់ៗនេះ ខណៈពលរដ្ឋចេញពីភ្នំពេញទៅស្រុកំណើត ឬតំបន់កម្សាន្តផ្សេងៗ។
ឧត្ដមសេនីយ៍ទោ បានបន្តថា គ្រប់ច្រកចេញតាមផ្លូវជាតិទាំង៦ របស់រាជធានីភ្នំពេញ ត្រូវបានត្រួត ពិនិត្យទាំងចេញពីរាជធានីភ្នំពេញ ក៏ដូចជាចូលមករាជធានីពេញវិញ ហើយបើសិនជាប្រជាពលរដ្ឋ មិន គោរពច្បាប់និងវិធានសុខាភិបាល សមត្ថកិច្ចនឹងផាកពិន័យតាមផ្លូវច្បាប់។
កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍សំដៅកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិសេសគឺត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង គោរពសញ្ញាចរាចរណ៍ និងកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់៕អត្ថបទ៖ ទូច សោភ័ណ