កងទ័ពអ៊ីរ៉ង់បានអះអាងថា ជម្លោះនៅអាស៊ីខាងលិចមួយនេះ «នៅតែត្រូវបានចាត់ទុកថាជាសង្គ្រាម» ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយសហរដ្ឋអាមេរិកក៏ដោយ ដោយអះអាងពីការគ្រប់គ្រងប្រតិបត្តិការពេញលេញលើច្រកសមុទ្រ Hormuz ដ៏សំខាន់ជាយុទ្ធសាស្ត្រតាមរយៈការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដោយមានការសម្របសម្រួល ហើយកុំទាន់គិតថាសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែលចប់។

យោងតាមប្រព័ន្ធផ្សាព្វរដ្ឋរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRIB) អ្នកនាំពាក្យកងទ័ព លោក Amir Akraminia បាននិយាយថា ស្ថានភាពនៅតែសកម្មពីទស្សនៈយោធា។ ស្ថានភាពនៅតែត្រូវបានចាត់ទុកថាជាសង្គ្រាម ហើយឃ្លាំងនៃគោលបំណង និងឧបករណ៍សម្រាប់កងកម្លាំង ត្រូវបានធ្វើបច្ចុប្បន្នភាព ដោយបង្ហាញពីការត្រៀមខ្លួន និងផែនការប្រតិបត្តិការជាបន្តបន្ទាប់។

លោកបានបញ្ជាក់ថា ច្រកសមុទ្រ Hormuz ស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នារបស់កងកម្លាំងយោធាអ៊ីរ៉ង់ ដោយផ្នែកខាងលិចត្រូវបានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) និងផ្នែកខាងកើតត្រូវបានឃ្លាំមើលដោយកងទ័ពធម្មតា។ ផ្លូវទឹកនេះគឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ដែលធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនក្លាយជាចំណុចកណ្តាលនៃសក្ដានុពលសន្តិសុខក្នុងតំបន់។
លោក Akraminia បានអះអាងបន្ថែមទៀតថា ទោះបីជាមានការគំរាមកំហែងម្តងហើយម្តងទៀតក៏ដោយ ក៏សត្រូវមិនបានបើកការឈ្លានពានលើដីគោកឡើយ។ លោកថា សត្រូវមិនហ៊ានវាយប្រហារអ៊ីរ៉ង់ដោយថ្មើរជើងទេ ដោយសារការត្រៀមខ្លួនខ្ពស់ របស់កងកម្លាំងជើងគោកអ៊ីរ៉ង់ និងប្រតិបត្តិការសម្របសម្រួលជាមួយឆ្មាំបដិវត្តន៍អ៊ីស្លាម។

លោកបានបន្ថែមថា កងកម្លាំងអ៊ីរ៉ង់បានរំពឹងទុកពីការកើនឡើងផ្នែកយោធាដែលអាចកើតមានដោយផ្អែកលើការវាយតម្លៃចារកម្ម ហើយបានដាក់ពង្រាយអង្គភាពនានានៅទូទាំងប្រទេសជាមុន។ លោកបានកត់សម្គាល់ថាអង្គភាពទាំងអស់បានត្រៀមខ្លួនពេញលេញ កងកម្លាំងជើងគោកត្រូវបានដាក់ពង្រាយនៅតាមតំបន់ផ្សេងៗទូទាំងប្រទេស ត្រៀមខ្លួនប្រឈមនឹងការគំរាមកំហែងណាមួយ។
ការអត្ថាធិប្បាយនេះកើតឡើងក្នុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយមួយក្នុងជម្លោះដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨កុម្ភៈ២០២៦ និងបានមើលឃើញបទឈប់បាញ់មួយត្រូវបានប្រកាសកាលពីថ្ងៃ៧ ខែមេសា ២០២៦នេះ៕