តាកែវ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជិតឈានចូលមកដល់សំគាល់ឃើញថា បណ្តាសាលារៀនរដ្ឋ និងឯកជនមួយចំនួនធំនៅក្នុងក្នុងក្រុងដូនកែវ ខេត្តតាកែវ បានរៀបចំសង្ក្រាន្តឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយកម្សាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ។
បើក្រុមនិស្សិត នៃសាលាបៀលប្រាយនៅខេត្តតាកែវ បានថ្លែងប្រាប់BTV នៅថ្ងៃទី៩ ខែមេសានេះ នៅក្នុងឆ្នាំនេះ រដ្ឋបាលខេត្តតាកែវ គឺបានអនុញ្ញាតបណ្តាវត្តអារ៉ាម រមណីយដ្ឋានទេសចរណ៍ និងគ្រឹះស្ថានសហគ្រាសរដ្ឋ និងឯកជន រៀបចំកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នេះ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
ក្រុមនិស្សិតថ្លែងថា ដោយសារមានអនុញ្ញាតនេះ ទើបអោយបណ្តាសាលារៀននានាមានវិទ្យាល័យជាស៊ីមតាកែវ និងសាលាគរុកោសល្យភូមិភាគខេត្តតាកែវ ក៏ដូចសាលាបៀលប្រាយ បានធ្វើរៀបចំកម្មវិធីសង្ក្រាន្តមុនថ្ងៃបុណ្យចូលឆ្នាំ ដើម្បីបង្កើនភាពស្និតស្នាលមុនថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំថ្មី។
សូមបញ្ជាក់ថា តាមការគ្រោងទុកនៅក្នុងឆ្នាំនេះ រដ្ឋបាលខេត្តតាកែវ នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីធំមួយនៅសួនមាត់បឹងខេត្តតាកែវ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ខណៈ មកដល់ថ្ងៃនេះនៅសួនមាត់បឹងខេត្តតាកែវ គឺអាជ្ញាធរមូលដ្ឋានបានចាប់ផ្តើមរៀបចំឆាក តុបតែងលំអរ ដើម្បីត្រៀមធ្វើកម្មវិធីសង្ក្រាន្តឆ្នាំថ្មីដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕ អត្ថបទ៖ ស៊ុម សុខជា