ភ្នំពេញ៖ ប្រទេសសមាជិកអាស៊ាន គ្រោងនឹងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាលក្ខណៈពហុភាគី សម្រាប់តំបន់ដែលអាចធ្វើឱ្យការទូទាត់ ឆ្លងដែន មានប្រតិបត្តិការឆាប់រហ័ស តម្លៃទាប និងសុវត្ថិភាពខ្ពស់។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានធ្វើជាប្រធាននៃកិច្ចប្រជុំរវាងទេសាភិបាលធនាគារកណ្តាល និងនាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុអាស៊ាន តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២ ក្នុងនោះកិច្ចប្រជុំនេះ បានផ្តល់ឱកាសសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអាស៊ាន បានជួបពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ជាមួយអាជ្ញាធររូបិយវត្ថុ និងធនាគារកណ្តាលអាស៊ាន អំពីវឌ្ឍនភាព គំនិតផ្ដួចផ្ដើមថ្មីៗ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីរួមចំណែកសម្រេចបានសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។
ចំណែកនៅក្នុងឆ្នាំនេះ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទដូចជា៖ ការបច្ចុប្បន្នកម្មការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការ ការទូទាត់ឆ្លង ដែនតាម QR កូត អាស៊ាន និងការលើកកម្ពស់ការតភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ក្នុងគោលដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។
ការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការ ត្រូវបានអនុម័តដោយទេសាភិបាលធនាគារកណ្តាលអាស៊ាន នៅ ឆ្នាំ២០២១ កន្លងមក និងត្រូវធ្វើឡើងជាដំណាក់កាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ លើកកម្ពស់ការគ្រប់គ្រងហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃការចែករំលែកទិន្នន័យនៅក្នុងតំបន់។
បច្ចុប្បន្នដំណាក់កាលទី១ ត្រូវបានបញ្ចប់, ចំណែកដំណាក់កាលទី២ ដែលនឹងចាប់ផ្តើមនៅត្រីមាសទី ២ និងបញ្ចប់ចុងឆ្នាំ ២០២២ នេះ នឹងផ្តោតលើការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការធនាគារអាស៊ាន, ការរៀបចំក្របខ័ណ្ឌគោលការណ៍ណែនាំពាក់ព័ន្ធផ្សេងៗ និងការជ្រើសរើសករណី សិក្សា ដើម្បីធ្វើការសាកល្បង ដោយផ្តោតលើការទូទាត់ឆ្លងដែន និងការវាយតម្លៃឥណទានមិនដំណើរការជាដើម។
ជាមួយគ្នានេះ ការអភិវឌ្ឍ ការទូទាត់ឆ្លងដែនតាម QR កូត ក៏សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីកាន់យ៉ាងសំខាន់ សម្រាប់ប្រទេសសមាជិក អាស៊ានទាំងអស់ ក្នុងការសម្រួល និងលើកកម្ពស់ការផ្ញើប្រាក់របស់ពលករនៅក្រៅប្រទេស ពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍ សំដៅឈានទៅរកសេដ្ឋកិច្ចឌីជីថលូបនីយកម្មនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
គួររំលេចថា ប្រទេសសមាជិកអាស៊ាន ភាគច្រើនបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាលក្ខណៈទ្វេភាគីរួចហើយដូចជា កម្ពុជានិងម៉ាឡេស៊ី កម្ពុជា និងថៃ សិង្ហបុរី និងថៃ សិង្ហបុរីនិងម៉ាឡេស៊ី វៀតណាមនិងថៃ ជាដើម។
លើសពីនេះប្រទេសសមាជិកគ្រោងនឹងពង្រីក ការតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លងដែនជាលក្ខណៈពហុភាគីសម្រាប់តំបន់ ដែលអាចធ្វើឱ្យការទូទាត់ឆ្លងដែនមានប្រតិបត្តិការឆាប់រហ័ស តម្លៃទាប និងសុវត្ថិភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី