ក្រុមហ៊ុនធំៗមួយចំនួនរបស់ហរដ្ឋអាមេរិក ចាប់តាំងពីក្រុមហ៊ុន GM រហូតដល់ក្រុមហ៊ុន Coca-Cola បានទទួលរងផលប៉ះពាល់កាន់តែខ្លាំងពីវិបត្តិតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិដែលហក់ឡើងកាន់តែខ្ពស់ ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ។

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនធំៗកាន់តែច្រើនរបស់សហរដ្ឋអាមេរិក កំពុងទទួលរងសម្ពាធកាន់តែធ្ងន់ធ្ងរ ពីវិបត្តិថាមពលសកលដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាផង និងរងសម្ពាធពីសង្គ្រាមពាណិជ្ជកម្មដែលត្រូវបានបំផុសឡើងដោយលោកប្រធានាធិបតី Donald Trump ផង ។
ប្រភពដដែលបានបន្តថា សម្ពាធនៃវិបត្តិទាំងនេះ បានបង្ខំឱ្យក្រុមហ៊ុនកាន់តែច្រើនលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាងមុន ទោះបីជាទទួលបានការត្អូញត្អែពីអតិថិជនក៏ដោយ ហើយក្រុមហ៊ុនទាំងនោះនៅតែធានាដល់ក្រុមវិនិយោគិនថា ដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុននៅតែមានដំណើរល្អសម្រាប់អនាគត ។

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកចំនួន២៤បានកាត់បន្ថយការព្យាករណ៍ ក្រុមហ៊ុន៣៥បានដំឡើងតម្លៃផលិតផលរបស់ខ្លួនសម្រាប់លក់ជូនអតិថិជន និងក្រុមហ៊ុនចំនួន៣៥ផ្សេងទៀត បានព្រមានពីការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុ ៕