រុស្ស៊ី៖ សហភាពអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើកូនស្រីពេញវ័យ ២នាក់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាផ្នែកមួយនៃកញ្ចប់វិធានការទណ្ឌកម្មថ្មីផ្តោតលើសេដ្ឋកិច្ច ពាណិជ្ជករ និងអ្នកមានអំណាចរបស់រុស្ស៊ី។
សហភាពអឺរ៉ុបបានដាក់បញ្ចូលនាង Maria Vorontsova និងនាង Katerina Tikhonova ទៅក្នុងបញ្ជីបច្ចុប្បន្នភាពថ្មីរបស់ខ្លួននៃបុគ្គលដែលប្រឈមនឹងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ។ វិធានការពីប្លុកអឺរ៉ុបធ្វើឡើង បន្ទាប់ពីវិធានការស្រដៀងគ្នាកាលពី ២ថ្ងៃមុនដោយសហរដ្ឋអាមេរិក។ ប៉ុន្តែមនុស្សជាច្រើននៅក្នុងរដ្ឋាភិបាលអ៊ុយក្រែនចង់បានវិធានការតឹងរ៉ឹង ដែលនឹងមានឥទ្ធិពលធ្វើឲ្យប៉ះពាល់លឿនជាងមុន។
បន្ថែមលើការដាក់ទណ្ឌកម្មលើបុគ្គល និងសមាជិកគ្រួសាររបស់ពួកគេ អ្នកមានអំណាច និងមន្ត្រីជាន់ខ្ពស់នៅវិមានក្រឹមឡាំង ប្លុកអឺរ៉ុបទាំង ២៧ប្រទេសបានអនុម័តជាផ្លូវការកាលពីថ្ងៃសុក្រ លើការហាមឃាត់ការនាំចូលធ្យូងថ្មដោយចាប់ផ្ដើមពីខែសីហា ក៏ដូចជាការហាមឃាត់ប្រតិបត្តិការពេញលេញលើធនាគារធំៗចំនួន៤ របស់រុស្ស៊ីដែលមាន ២៣% នៃចំណែកទីផ្សារនៅក្នុងវិស័យធនាគារប្រទេសរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន