មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួប ចំនួន៣ខ្សែ ដោយប្រើដីល្បាយក្រួស ប្រវែងសរុប ៧ ៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបចំនួន ៣ ខ្សែ ដោយប្រើដីល្បាយក្រួស មានប្រវែងសរុប ៧ ៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ, សាងសង់លូមូលមុខមួយចំនួន ៨កន្លែង, លូមូលមុខពីរចំនួន ១កន្លែង, និងសាងសង់លូប្រអប់មុខបីចំនួន ២កន្លែង ស្ថិតនៅក្នុងភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ លើកឡើងថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅជនបទ គឺជាការវិនិយោគដ៍ចាំបាច់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដើម្បីសម្រួលជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស, ជាក់ស្តែងការ ថែទាំខួបផ្លូវរបស់នាយកដ្ឋានផ្លូវលំជនបទខាងលើនេះ បើមិនមានការគិតគូរ និងដាក់ផែនការច្បាស់លាស់របស់ក្រសួងនោះទេ ផ្លូវទាំងនេះ ក៏មិនមានភាពល្អប្រសើរបែបនេះឡើយ ក្នុងនោះអ្នកដែលពិបាក គឺប្រជាជពលរដ្ឋនៅតាមមូលដ្ឋាននេះឯង។ ដូច្នេះការថែទាំងផ្លូវពិតជា មានសារៈសំខាន់ណាស់ ក្នុងការចូលរួមថែទាំផ្លូវឱ្យបានគង់វង្សយូរអង្វែង ព្រោះផ្លូវគឺជាតម្រូវការចាំបាច់ បម្រើដល់ការធ្វើដំណើររបស់ សាធារណៈជនគ្រប់ពេលវេលា និងក៏ជាការជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួច, គណៈកម្មការ បានឯកភាពទទួលយកបញ្ចប់សុពលភាពការងារគម្រោងខាងលើ។ ជាមួយគ្នានេះ គណៈកម្មការក៏បានណែនាំដល់អ្នកទទួលការ ឱ្យកែ សម្រួលត្រង់ចំណុចកន្លែងលូប្រអប់មុខបី (នៅក្បាលលូ) និងត្រូវបន្ថែមនូវបង្គោលសុវត្ថិភាព បន្ថែមដីល្បាយក្រួសជើងទេរលូប្រអប់មុខបី និងដាំស្មៅលើជើងទេរលូប្រអប់មុខបីឡើងវិញផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី














