ប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃអង្គារបានអះអាងនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា អ៊ីរ៉ង់ចង់ឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz។ នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម លោក Trump ក៏បានអះអាងផងដែរថា អ៊ីរ៉ង់បាននិយាយថាខ្លួនស្ថិតក្នុង «ស្ថានភាពដួលរលំ»។ ទោះជាយ៉ាងណា វានៅមិនច្បាស់ថាតើ លោក Trump ទទួលបានសារនេះពីអ៊ីរ៉ង់ដោយរបៀបណា។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃអង្គារថាមិនចាំបាច់ដោះគ្រាប់មីនទាំងអស់នោះទេ តាមដែលចោទប្រកាន់ថាត្រូវបានដាក់នៅច្រកសមុទ្រ Hormuz សម្រាប់នាវាឆ្លងកាត់។ លោក Wright បានប្រាប់សារព័ត៌មាន Bloomberg ថា «អ្នកគ្រាន់តែត្រូវការផ្លូវសម្រាប់នាវាត្រូវចូលនិងចេញ ហើយខ្ញុំគិតថា វាអាចកើតឡើងយ៉ាងឆាប់រហ័ស»។

លោក Trump ត្រូវបានគេរាយការណ៍ថា មិនពេញចិត្តចំពោះសំណើសន្តិភាពចុងក្រោយរបស់អ៊ីរ៉ង់ទេ ដែលស្វែងរកការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់ការបិទផ្លូវកងទ័ពជើងទឹកអាមេរិកនៅកំពង់ផែរបស់អ៊ីរ៉ង់ ខណៈទុកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនសម្រាប់ការចរចានៅពេលក្រោយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់សម្តីមន្ត្រីមួយចំនួននៅសេតវិមាន។
លោក Trump បានទទូចកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ីរ៉ង់នឹងត្រូវធ្វើឡើងដោយផ្អែកលើលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក និងពេលវេលាកំណត់របស់លោក ដោយអះអាងថាគ្មាន «ក្របខ័ណ្ឌពេលវេលា» សម្រាប់បញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ទេ និង «គ្មានសម្ពាធពេលវេលា» លើបទឈប់បាញ់ដែលបានបន្ថែមពេល ឬការចរចាដែលជាប់គាំងនោះទេ។