ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) បានបញ្ជាក់ថា ព្រះមហាក្សត្រ Charles របស់ចក្រភពអង់គ្លេស ព្រះអង្គមិនចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ ដោយបានបង្ហាញនូវប្រធានបទដ៏តានតឹងនៃជម្លោះមជ្ឈិមបូព៌ាទៅក្នុងការអត្ថាធិប្បាយ នៅក្នុងពិធីលៀងសាយភោជនកម្រិតរដ្ឋ នៅសេតវិមាន សម្រាប់ព្រះរាជវង្សានុវង្សដែលកំពុងបំពេញទស្សនកិច្ច។
ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២ នៃការយាងបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅសហរដ្ឋអាមេរិក ក្នុងពេលវេលាដ៏តានតឹង បន្ទាប់ពីលោក Trump បានរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ម្តងហើយម្តងទៀត ចំពោះអ្វីដែលមេដឹកនាំអាមេរិក ចាត់ទុកថា ជាការខ្វះការជួយជ្រោមជ្រែង ពាក់ព័ន្ធសង្គ្រាមអ៊ីរ៉ង់។

នៅក្នុងពិធីលៀងសាយភោជននោះ លោក Trump បានលើកឡើងថា៖ «យើងកំពុងធ្វើការងារតិចតួច នៅតំបន់មជ្ឈិមបូព៌ា នាពេលនេះ ហើយយើងកំពុងធ្វើបានល្អណាស់។ យើងបានយកឈ្នះគូប្រជែង ដោយកម្លាំងយោធា ហើយយើងមិនដែលអនុញ្ញាតឲ្យគូប្រជែងទទួលបាននូវអ្វីដែលពួកគេចង់បាននោះឡើយ។ ព្រះមហាក្សត្រ Charles ព្រះអង្គយល់ស្របជាមួយខ្ញុំច្រើនជាងអ្វីដែលខ្ញុំធ្វើទៅទៀត។ គូប្រជែងនឹងមិនត្រូវបានបណ្ដោយឲ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត»។
តែយ៉ាងណាក្ដី អំឡុងពេលមានព្រះបន្ទូលផ្ទាល់ព្រះអង្គ បន្ទាប់ពីលោក Trump ព្រះមហាក្សត្រ Charles មិនបានមានបន្ទូល អំពីអ៊ីរ៉ង់ ឬសង្គ្រាមនោះទេ។ ព្រះមហាក្សត្រមិនមែនជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអង់គ្លេសនោះឡើយ។
នៅពេលត្រូវបានសុំឲ្យធ្វើការអត្ថាធិប្បាយ អំពីពិធីលៀងសាយភោជនកម្រិតរដ្ឋ ស្ថានទូតអង់គ្លេស ប្រចាំទីក្រុងវ៉ាស៊ីនតោន បានផ្ទេរសំណួររបស់សារព័ត៌មាន Reuters ទៅព្រះបរមរាជវាំង Buckingham ដែលក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ៕
