ព្រឹទ្ធសភាអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) បានរារាំងសំណើដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ជាអ្វីដែលមានបំណងហាមឃាត់លោកប្រធានាធិបតី Donald Trump កុំឲ្យមានវិធានការយោធា លើប្រទេសគុយបា ដោយមិនមានការយល់ព្រមពីសភា។
ព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រក្នុងសំឡេង ៥១ ទល់នឹង ៤៧សំឡេង ជុំវិញវិធានការនីតិវិធី ដែលរារាំងការស្នើផ្លូវការ ស្តីពីអំណាចសង្គ្រាម ខណៈដែលសមាជិកនៃគណបក្សរបស់លោក Trump បានអះអាងថា មិនមានអរិភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបានោះទេ។

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋ Florida លោក Rick Scott ដែលបានបង្ហាញពីចំណុចនៃសណ្តាប់ធ្នាប់ ដើម្បីបញ្ឈប់ការស្នើផ្លូវការនេះ បានលើកឡើងថា ការបោះឆ្នោត ស្ដីពីអំណាចសង្គ្រាម គឺមិនសមរម្យនោះឡើយ ពីព្រោះលោក Trump មិនទាន់បានដាក់ពង្រាយកងទ័ពនៅឡើយទេ។
តែសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋ Virginia លោក Tim Kaine ដែលជាអ្នកគាំទ្រឈានមុខគេ ចំពោះវិធានការនេះ បានអះអាងថា កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់ប្រទេសកោះដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តមួយនេះ បង្កើតបានជាវិធានការយោធា។
ក្រោមការដឹកនាំរបស់លោក Trump កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើទូក នៅឯម្ដុំតំបន់សមុទ្ររបស់ប្រទេសវ៉េណេស៊ុយអេឡា និងបានឆ្មក់ចូលទៅក្នុងទីក្រុងការ៉ាកាស ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ហើយជាមួយអ៊ីស្រាអែល បានធ្វើសង្គ្រាម លើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយការអនុវត្តទាំងអស់នេះ គឺមិនមានការអនុញ្ញាតពីសភាឡើយ។ ហើយលោក Trump បានព្រលយពាក្យថា «គុយបាគឺជាប្រទេសបន្ទាប់»៕

