យុវជន បានបញ្ជាក់ថា ពួកគេ បានត្រៀមខ្លួនរួចហើយ ដើម្បីចុះឈ្មោះ ចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត នៅពេលដែលការចុះឈ្មោះចាប់ផ្ដើម។ ពួកគេអះអាងថា ការចូលបំពេញកាតព្វកិច្ចយោធា គឺជាក្ដីប្រាថ្នារបស់ពួកគេ ដើម្បីការពារជាតិ។
យុវជន ដែលកំពុងសិក្សានៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ BTV នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ថា ការឈ្លានពានពីប្រទេសជិតខាងចំនួន ២លើក កាលពីឆ្នាំ២០២៥ គឺជាស្លាកស្នាមដ៏ឈឺចាប់បំផុតរបស់ពួកគេ។ ហេតុដូច្នេះហើយ ពួកគេ គាំទ្រយ៉ាងពេញទំហឹង សេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា ដើម្បីពង្រឹងកម្លាំងការពារជាតិ។ ហើយសម្រាប់ពួកគេ គឺបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីចូលហ្វឹកហាត់យោធា ។
សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា ត្រូវបានរាជរដ្ឋាភិបាល អនុម័តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ហើយកាលពីថ្ងៃទី២៨ ខែមេសា រដ្ឋសភាជាតិកម្ពុជា បានសម្រេចទទួលយកសេចក្ដីព្រាងច្បាប់នេះ ប្រគល់ឲ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សាលម្អិត ដើម្បីបន្តនីតិវិធីក្នុងការស្នើសុំការអនុម័តពីរដ្ឋសភា។ សូមជម្រាបជូនថា សេចក្ដីព្រាងច្បាប់ ស្ដីពីកាតព្វកិច្ចយោធា មានវិសាលភាព អនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុពី ១៨ ដល់ ២៥ឆ្នាំ ខណៈស្រ្ដីផ្អែកលើការស្ម័គ្រចិត្ត៕
អត្ថបទ ៖ លៀ ស៊ីណា




